ក្រុមហ៊ុនអភិវឌ្ឍខុនដូ ដែលមានហិរញ្ញវត្ថុរឹងមាំ នៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៅចុងឆ្នាំនេះ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគលើវិស័យខុនដូនៅក្នុងប្រទេសកម្ពុជា ដែលមានហិរញ្ញវត្ថុរឹងមាំបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃទីផ្សារខុនដូ ក៏ដូចជាវិស័យអចលនទ្រព្យទាំងមូលនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២១ខាងមុខ ដោយរំពឹងថាវិបត្តិ ដែលនាំឱ្យមានការថមថយនោះ នឹងត្រូវបានដោះស្រាយហើយធ្វើឱ្យសកម្មភាពវិនិយោគចាប់ផ្ដើមកក្រើកឡើងវិញ ។

លោក Zhong Jin Jian នាយកគ្រប់គ្រងទៅទូនៃក្រុមហ៊ុនអចលនទ្រព្យ Wangfu Guoji ដែលវិនិយោគទៅលើខុនដូ Le Condé BKK1 នៅតំបន់បឹងកេងកង បាននិយាយកាលពីថ្មីៗនេះថា ទោះបីជាពេលនេះ កម្ពុជានិងពិភពលោកទទួលរងនូវវិបត្តិយ៉ាងណាក្ដី ក្នុងនាមជាអ្នកវិនិយោគមួយរូប នៅតែបន្តប្រឹងប្រែង អភិវឌ្ឍន៍គម្រោងឱ្យកាន់តែមានគុណភាព ជាមួយនឹងជំនឿជាក់លើការគាំទ្រពីប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា បើទោះបីជាស្ថានភាពយ៉ាងក្តី បើសិនជាក្រុមហ៊ុននីមួយៗ មានហិរញ្ញវត្ថុរឹងមាំនោះ វានឹងមិនធ្វើអោយបញ្ហាអ្វីដល់ដំណើរការវិនិយោគនោះទេ ។ អ្វីដែលពិសេសការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍជាខុនដូ និងអចលនទ្រព្យផ្សេងក៏សំខាន់ផងដែរ ដើម្បីទទួលបានការគាំទ្រនិងជោគជ័យ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកលោកយ៉ង់ វិចិត្រ ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុន Spring CJW Development ក៏បាននិយាយដោយក្ដីរំពឹងថា មិនយូរទេវិស័យខុនដូ នឹងល្អប្រសើរឡើងវិញ ដោយមើលឃើញនូវសញ្ញាវិជ្ជមានមួយចំនួនផងដែរ ដូចជាកំណើននៃការទិញខុនដូពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគក្នុងស្រុក ។ លោកថា “យើងជឿជាក់ថា ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយលំហូរនៃអ្នកវិនិយោគបរទេសមកកាន់កម្ពុជាទៅលើអចលនទ្រព្យនឹងអាចកក្រើកឡើងវិញ”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ដោយសារតែដំណឹងល្អនៃការរកឃើញវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ពីប្រទេសធំៗលើពិភពលោកកាន់តែច្រើនដូច្នេះនៅពេលដែលវ៉ាក់សាំងនេះ អាចប្រើប្រាស់ជាផ្លូវការ ជំងឺនេះនឹងបាត់ពីផែនដី ហើយអ្នកវិនិយោគនឹងអាចធ្វើដំណើរការវិនិយោគរបស់ខ្លួនតាមបណ្ដាប្រទេសនានា។ កម្ពុជាក៏ជាប្រទេសមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនបរទេសមួយដ៏មានសក្ដានុពលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here