ដោយ ៖ ម៉ាណេត
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅមិនទាន់ចូលជាធរមាននៅឡើយទេ ខណៈការចុះហត្ថលេខាជាផ្លូវការរវាងភាគីទាំងពីរនៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ បើទោះបីភាគីទាំងពីរបានប្រកាសបញ្ចប់ជាផ្លូវការយ៉ាងណាក្តី។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានថ្លែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០នេះថា ក្រសួងពាណិជ្ជកម្មបានទទួលការណែនាំ និងភារកិច្ចក្នុងការចរចាជាមួយភាគីចិនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាផ្លូវវការកាលពីពេលកន្លងទៅ និងត្រៀមសម្រាប់តែចុះហត្ថលេខានៅពេលខាងមុខប៉ុណ្ណោះ។
លោកបន្តថា “សម្រាប់ការរៀបចំគណៈប្រតិភូជាន់ខ្ពស់ដែលមានសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មិនមែនភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មនោះទេ“។ លោកបញ្ជាក់ថា “ភារកិច្ចនេះ អាចជាខុទ្ទការល័យរបស់សម្តេច ឬ ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ខណៈក្រសួងពាណិជ្ជកម្ម កំពុងតែត្រៀមខ្លួនក្នុងការចូលរួម”។
លោកបន្ថែមថា “សម្រាប់ក្រសួងពាណិជ្ជកម្មកំពុងតែត្រៀមខ្លួន និងឯកសារផ្សេងៗ រង់ចាំគណៈប្រតិភូកម្ពុជាទៅចុះហត្ថលេខាជាមួយភាគីចិនតែប៉ុណ្ណោះ ហើយអ្វីដែលប្រកាសកាលពីកន្លងមកនេះ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននេះ មិនទាន់ចូលជាធរមាននៅឡើយទេ ដោយរង់ចាំនីតិវិធី និងការឯកភាពពីរដ្ឋសភា ព្រឹទ្ធសភា និងការឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ ទើបកិច្ចព្រមព្រៀងនេះ ចូលជាធរមាន”។
បើតាមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា តាមផែនការរបស់រដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ តែយ៉ាងណា អាស្រ័យលើការរៀបចំនិតិវិធី និងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា និងចុះព្រះហត្ថលេខាពីព្រះពីមហាក្សត្រ។
លោកបន្ថែមថា “ប្រទេសនីមួយៗ ធ្វើទៅតាមនិតិវិធីផ្ទៃក្នុងតាមរយៈការបញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភាជាដើម ដែលជាហេតុអាចនឹងប្រើប្រាស់ពេលវេលាយូរ ប៉ុន្តែ តាមផែនការអាចនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ”៕