តើ​ការផ្គត់ផ្គង់​សណ្ឋាគារ​នៅតាម​ខេត្តធំៗកំពុង​ជួប​ហានិភ័យ​លើស​តម្រូវការ?

ដោយៈ​សុវណ្ណារ៉ា

ព្រះសីហនុៈ បើទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​រង​ភាព​ស្រអាប់​និង​រីកចម្រើន​ឡើងវិញ​នាពេលខាងមុខ​ក្តី តែ​ចំនួន​សណ្ឋាគារ​នៅតាម​បណ្តា​រាជធានី ខេត្ត​នានា​កំពុង​លើស​តម្រូវការ​ឬ?។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោកស្រី ក្លេ​ខៃ ចិន្តា បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០កន្លងមក​ថា រាល់​ការអភិវឌ្ឍ និង​វិនិយោគ​លើ​សណ្ឋាគារ​នានា​នៅពេល​បច្ចុប្បន្ននេះ វិនិយោគិន​គួរតែមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​រក​ទីតាំង​ណា​ដែល​ប្រាកដថា ការផ្គត់ផ្គង់​នៅមានកម្រិត​ជៀស​រាង​ប្រឈម នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បញ្ជាក់ថា “នាពេលនេះ​ការផ្គត់ផ្គង់​សណ្ឋាគារ​នៅ​កម្ពុជា ជាពិសេស​តំបន់​សក្តានុពល ដូចជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​មមាញឹក កំពុងមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ។ លោកស្រី​បញ្ជាក់ថា “ជាការ​ល្អ គួរ​កុំ​ទាន់​សាងសង់​សណ្ឋាគារ​អី សម្រាប់​អ្នកមាន​គម្រោង​នឹង​សាងសង់។ ក្នុងន័យនេះ យើង​មិនបាន​ហាមឃាត់​ការវិនិយោគ​ទេ ប៉ុន្តែ​ការសាងសង់​សណ្ឋាគារ​ក្នុងដំណាក់កាល​នេះ គឺ​បើ​សង់​ទៅ​អាច​នឹង​លើសពី​តម្រូវការ” ។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា រូបនេះ​បានឱ្យដឹង​ថែម​ទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារ​ខ្លះ មិនមាន​ភ្ញៀវ​ស្នាក់នៅ​ពេញ​ផង ដោយសារតែ​ភ្ញៀវ​រាង​ថយចុះ​បន្តិច។ ភ្ញៀវទេសចរ​ដែល​ត្រូវការ​បន្ទប់​ស្នាក់នៅ គឺ​ភាគច្រើន ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ផ្គត់ផ្គង់​ជូន វា​ខុស​ពីមុន​ដែល​ភ្ញៀវ​បរទេស​ត្រូវ​រក​សណ្ឋាគា​រ និង​កក់​ដោយ​ខ្លួនឯង។

លោកស្រី​ក្លេ​ខៃ ចិន្តា​បាន​ណែនាំ​ថា “ក្នុង​កាលៈទេសៈ​នេះ ដែល​វិនិយោគិន​មាន​ដើមទុន​ច្រើន និង​ចង់​សាងសង់​សណ្ឋាគារ សម្រាប់​បម្រើ​នៅពេល​អនាគត​នោះ គួរតែ​រក​ទីតាំង​ណា ដែល​មិនទាន់មាន​បន្ទប់​សណ្ឋាគា​រ​គ្រប់គ្រាន់ និង​ជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស ដូចជា ខេត្ត​កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរី ជាដើម ដោយឡែក​ខេត្ត​ព្រះសីហនុ មាន​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាច្រើន មាន​ភ្ញៀវ​ស្នាក់នៅ​ដែរ ប៉ុន្តែ​មាន​តិច​ដោយសារតែ​បច្ចុប្បន្ន​ជំងឺ​កូ​វីដ-១៩ កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក” ។

អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​បាន​មានប្រសាសន៍ថា ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ទាំងស្រុង បន្ទាប់ពី​ទទួលរង​ការខូចខាត ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លងមក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ។

លោក​បន្តថា ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​បានយូរ​អង្វែង​ពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here