ADB និងរដ្ឋាភិបាលរួមគ្នាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនឱ្យបាន១០០ភាគរយនៅឆ្នាំ២០២៥

ដោយៈលក្ខិណា

ភ្នំពេញៈ តាមរយៈជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កម្ពុជានឹងជំរុញឱ្យមានការផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជនបាន១០០ភាគរយត្រឹមឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នទីប្រជុំជនជាយក្រុងមួយចំនួន មិនទាន់មានទឹកប្រាក់ប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។

ទន្ទឹមនឹងនោះដែរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អា​តផងដែរ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត ព្រមទាំងបង្កើតនូវយន្តការសម្របសម្រួល រវាងស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានគ្រប់រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបជាមួយលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ កាលពីពេលថ្មីៗនេះលោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានជម្រាបជូនថា គោលបំណងរបស់បេសកកម្ម ADB គឺដើម្បីស្វែងយល់ថាតើការជួយគាំទ្រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

តើអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ តើមានចំណុចល្អ និងចំណុ​ចខ្វះខាត? ហើយតើបញ្ហាអ្វីខ្លះ ដែលក្រសួងមានបំណងស្នើសុំឱ្យ ADB បន្តជួយគាំទ្រ ក៏ដូចជាបញ្ហាដែលជួបប្រទះ ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។

លោកចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ ADB ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើ នដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមទាំងវិស័យទឹកស្អាតផងដែរ។ លោកបានបញ្ជាក់ថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជ   រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅទីប្រជុំជនឱ្យបាន១០០% នៅត្រឹមឆ្នាំ២០២៥ ដែលក្រសួងកំពុងអនុវត្តន៍ ហើយដើម្បីអាចសម្រេចបានគោលនយោបាយនេះ ក្រសួងត្រូវការជាចាំបាច់នូវការជួយគំាទ្រ ពីដៃគូអភិវឌ្ឍន៍នានាក្នុងនោះ ក៏មានធនាគារអភិវឌ្ឍន៍អាស៊ី ADB ផងដែរ។

លោកបានបញ្ជាក់ថា ដោយមូលហេតុអាកាសធាតុ កំណើនប្រជាជន ការអភិវឌ្ឍទីក្រុង ទីប្រជុំជន តម្រូវការប្រើប្រាស់ទឹក មានការកើនឡើងឥតឈប់ ហើយក្រសួងកំពុងពិចារណាអនុវត្តន៍ នូវគោលនយោបាយមួយចំនួន ដូចជា ការលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាត ដែលមានសមត្ថភាពហិរញ្ញវត្ថុ និងមានប្រភពទឹកគ្រប់គ្រាន់ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងពង្រីកបណ្តាញទឹកស្អាត រួមទាំងការលក់ទឹកដុំឱ្យតំបន់ដែលប្រឈមនឹងការខ្វះប្រភពទឹក។

ដោយឡែក តាមរយៈការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ចំនួនភូមិប្រមាណ៥០ភាគរយនៅទូទាំងប្រទេស មិនទាន់មានការផ្គត់ផ្គង់ទឹកស្អា​ត ដែលក្រសួងត្រូវខិតខំបន្តទៀត។ ដូចនេះ ដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត របស់រាជរដ្ឋាភិបាល គឺចាំបាច់ត្រូវមានហិរញ្ញ ប្បទានបន្ថែមទៀត សម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាត ក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ខ្លួន។

ការអភិវឌ្ឍទឹកស្អាតមានសារសំខាន់ណាស់ ក្នុងការជំរុញការអភិវឌ្ឍជាយរាជធានីភ្នំពេញ និងការទាក់ទាញមនុស្សទៅរស់នៅតំបន់ជាយក្រុងកាន់តែច្រើន ជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម តម្លៃអចលនទ្រព្យជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here