ដោយៈម៉ាលីនណា
ព្រះសីហនុៈ ក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ក្រោមប្រធានបទ “បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច” ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។
អង្គមហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងប្រទេស ដែលជាសមាជិកនៃអង្គការ PEMSEA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ដោយមានការចូលរួមផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព។
នេះជាលើកទី១ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះ នៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ចាប់តាំងពីការចូលជាសមាជិក នៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ១៩៩៤។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ត្រូវបានរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួម ពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិ ភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន១១ ក្នុងនោះរួមមាន កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។
គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន ទី១ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២ បង្កើតនិងរៀបចំឡើងវិញ នូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈប ច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។
ទី៣ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពី ការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា៕