អ្នកជំនាញ​អះអាងថា លំនៅឋាន​តម្លៃ​ថ្លៃ​ចាប់ផ្តើម​បង្ហាញ​វត្ត​មាននៅ​តំបន់​ជាយក្រុង

ដោយៈ ប៊ី

ភ្នំពេញៈ ការអភិវឌ្ឍ​លំនៅឋាន​តម្លៃថ្លៃៗ បាននិងកំពុង​បង្ហាញ​វត្ត​មាននៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ ស្ទើរតែ​គ្រប់​ទិស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹងថា ការរីក​សាយ​នៃ​ការអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​ថ្លៃ ទៅកាន់​ជាយ​រាជធានី ដោយសារតែ​តម្លៃ​ដីនៅក្បែរៗ ឬ​កណ្ដាល​រាជធានី មានការ​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មិនអាច​រកប្រាក់​ចំណេញ​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “ដូច្នេះ​ពួកគេ​ត្រូវការ​តម្លៃ​ដី​ទាប​ល្មម ដែល​អាចឱ្យ​ពួកគេ​ចំនេញ​ពី​ការវិនិយោគ។ ម្យ៉ាងទៀត​នៅក្បែរ ឬ​កណ្ដាល​រាជធានី ក៏​មិនមាន​ដី​ទូលាយ​សម្រាប់​អភិវឌ្ឍន៍​ជា​បុរី​បាន​ស្រួល​នោះដែរ” ។ លោក​បន្តថា “នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ផងដែរ ដែល​ជំរុញ​អោយ​វិនិយោគិន​ងាក​ទៅរក​តំបន់ជាយៗក្រុង សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន” ។

លោក​បាន​ថ្លែងថា តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី​ជា​មុំ៣៦០ដឺ​ក្រេ ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ត្រឹម២០ ឬ៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​តំបន់​ជាយ​រាជធានី បច្ចុប្បន្ន​គឺ​នៅមាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​ព្រោះថា វា​ក៏​មិនទាន់​ថា​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ដែរ។

បើតាម​ផែនការមេ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​ក្រុងភ្នំពេញ​បន្តទៀត ជាក់ស្ដែង​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាននិងកំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នានា​ជាច្រើន​ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ពាន​អាកាស និង​បណ្ដាញទឹក​ភ្លើង​ជាច្រើន​ទៀត។ តាម​ការសង្កេត​ជាក់ស្ដែង​នេះ គម្រោង​លំនៅឋាន​តម្លៃ​ខ្ពស់​មួយចំនួន​បាន​ងាក​ចេញពី​កណ្ដាល ឬ​ក្បែរ​ក្រុង​ទៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយចំនួន ដូចជា ផ្លូវជាតិ​លេខ៦ ដែលមាន​បុរី​លំនៅឋាន តម្លៃ​រហូតដល់​កន្លះ​លាន​ដុល្លារ​អាមេរិក តំបន់​ក្រាំងធ្នង់​ដែល​ពី​មុនគេ​ចាត់ទុកជា​វាលស្រែ ក៏មាន​ការអភិវឌ្ឍ​លំនៅឋាន តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​បុរី​ដឹ​អ័​រ​គី​ដេ​វីឡា នៅ​តំបន់​ក្រាំងធ្នង់​បានឱ្យដឹងថា គម្រោង​របស់ខ្លួន​បាន​លក់​អស់ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់ពី​បើក​លក់​ប៉ុណ្ណោះ បើទោះបីជា​តម្លៃ​លំនៅឋាន​នេះ មានតម្លៃ​ដល់​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ល្វែង​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here