ការសាងសង់របស់ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់នៅចុងឆ្នាំនេះ

ដោយ ៖ ម៉ាណេត

ភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង ក្រោមទុនវិនិយោគ២០០លានដុល្លារអាមេរិកដោយក្រុមហ៊ុន Union Development Group Co,td នឹងបញ្ចប់សាងសង់នៅដំណាក់កាលទី១ ចុងឆ្នាំ២០២០ ខាងមុខនេះ។

ការលើកឡើងពីវឌ្ឍនភាព ត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាង លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Li TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Li Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development បានរាយការណ៍អំពីវឌ្ឍភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី បន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។

លើសពីនេះទៅទៀត លោក Li បានកោតសរសើរ ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានគាំទ្រដល់គម្រោងសាងសង់កន្លងមក និងចុងឆ្នាំអាកាសយានដ្ឋានតារាសាគរនឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបញ្ចប់ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ។

ក្រុមហ៊ុន UNION Development បានសម្រេចបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារសាងសង់ព្រលានយន្តហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង ១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជា ៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here