តើរដ្ឋាភិបាលទទួលបានលទ្ឋផលវិជ្ជមានអ្វីខ្លះពីវេទិកាអមសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប?

ដោយៈម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលបានលទ្ធផលជាទីគាប់ចិត្ត ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើងតាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូល ASEM13  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងសន្និសីទសារព៌តមានស្តីពី លទ្ធផលនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នាថ្ងៃទី២៤ វិច្ឆិកាកន្លងមកនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វេទិកានេះបានធ្វើឡើងក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម៤.០” ហើយបានប្រព្រឹត្តទៅក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងគោលបំណងពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា ដោយប្រមូលផ្តុំតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រ និងមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានាលើវិស័យសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាននូវកំណើនប្រកបដោយបរិយាប័ន្ន។

លោកបន្តថា វេទិកានេះធ្វើឡើងក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មូលនិធិអាស៊ី-អឺរ៉ុប(ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូសហការដទៃទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ បណ្តាអង្គទូតនៃប្រទេសសមាជិកអេសិម(ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជននិងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញការមកពីវិស័យសំខាន់ៗ និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបសរុបចំនួនប្រមាណ៦០០នាក់។

លោកប៉ាន សូរស័ក្តិបានលើកឡើងថា ទាក់ទងប្រធានបទនៃវេទិកាខាងលើ ក្នុងគោលបំណងពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា ដោយប្រមូលផ្តុំតួអង្គពាក់ព័ន្ធទាំងអស់ធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រ និងមធ្យោបាយដោះស្រាយបញ្ហាប្រឈមនា​នាលើវិស័យសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុប ក៏ដូចជា ពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាននូវកំណើនប្រកបដោយបរិយាប័ន្ន។

ជាមួយនឹងការខឹតខំប្រឹងប្រែងនេះ អាស៊ីនិងអឺរ៉ុបក៏បានលើកកម្ពស់ការធ្វើសកលភាវូបនីយកម្ម ខ្សែច្រវាក់តម្លៃសកល និងពហុភាគីនិយម ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(“SDGs”) ជាពិសេសការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការធ្វើធុរកិច្ច/វិនិយោគបៃតង ខណៈដែលពិភពលោកកំពុងឈានទៅរកបរិបទថ្មី នៃបដិវត្តឧស្សា​ហកម្ម៤.០  និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ទៅរកគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ចំណែកលោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនប្រកបដោយចីរភាព ហើយក៏បាននិងកំពុងជួយជំរុញផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូតូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាប្រភពសម្រាប់ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ព្រមទាំងសម្រាប់ការលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមស្រ្តី និងយុវជន។

លោកបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាមួយចំនួន ដែលក្នុងនោះ វាគ្មិន និងអ្នកចូលរួមទាំងអស់បានចែករំលែកទស្សនៈ បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងបានលើកជាអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងវិស័យឯកជន នៃប្រទេសសមាជិកប្រទេសសមាជិកអេសិមផងដែរ។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ នឹងផ្តល់នូវលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ពីសក្តានុពល វិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាជាដើម។

វេទិកានេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រជាជាតិយើងទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here