ស្តាប់​អ្នកជំនាញ​និយាយ​ពី​ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅក្នុង​រាជធានី​ភ្នំពេញ

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ ស្របពេល​វិបត្តិ​សេដ្ឋកិច្ច​កំពុង​កើតឡើង ទីផ្សារ​អា​ផាត​ម៉ិ​ន​កំពុង​ធ្លាក់ចុះ​នូវ​តម្រូវការ ខណៈ​ការផ្គត់ផ្គង់​អា​ផាត​ម៉ិ​នប​ន្ត​កើនឡើង នៅក្នុង​ទីផ្សារ​ដែល​ទើប​រីកចម្រើន​នេះ។

ស្ថាបនិក​ក្លឹប​អ្នកវិនិយោគ​អចលនទ្រព្យ​កម្ពុជា លោក​សៅ សា​ខុំ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០កន្លងមក​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នាពេល​បច្ចុប្បន្ន បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺ Covid-19 ក៏​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ បើ​ធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “ទីផ្សារ​ជួល​អា​ផាត​ម៉ិ​ន នៅតែ​បន្ត​រក្សាបាន​ស្ថានភាព​ល្អប្រសើរ ហាក់​មិនសូវ​រង​នូវ​ផលប៉ះពាល់​នោះទេ ផ្ទុយទៅវិញ​នៅ​ចុងឆ្នាំ២០២០នេះ វត្តមាន​នៃ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​មួយចំនួនទៀត នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ​បន្ថែមទៀត។ លោក​បញ្ជាក់ថា “បច្ចុប្បន្ននេះ តាម​ខ្ញុំ​ដឹង​អគារ​អា​ផាត​ម៉ិ​ន នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ជាង៤០០អគារ និង​ត្រូវបាន​បែង​ចែកជា៣កម្រិត រួមមាន​កម្រិត​A កម្រិត Bនិង​កម្រិត C  ហើយ​តម្លៃ​ទីផ្សារ​ជួល ក៏មាន​ការប្រែប្រួល​ទៅតាម​ប្រភេទ​អគារ ទីតាំង ទំហំ សម្ភារៈ​ដែល​បំពាក់​នៅក្នុង​យូ​នី​ត និង​សេវាកម្ម​ដែល​ម្ចាស់​អគារ​រៀបចំ និង​ផ្តល់ជូន​ជា​កញ្ចប់” ។

តំបន់​ដែល​ប្រមូលផ្តុំ ទៅដោយ​វត្តមាន​អគារ​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ស្ថិតនៅក្នុង​តំបន់​ទួល​ទំពូង បន្ទាប់មក​តំបន់​បឹង​កេងកង ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ។

ហេតុផល​ដែល​ធ្វើឱ្យ​តំបន់​ទួល​ទំពូង មាន​ប្រជាប្រិយភាព​ក្នុងការ​វិនិយោគ​អា​ផាត​មិន​ច្រើនជាងគេ ត្រូវបាន​លោក សៅ សា​ខុំ បញ្ជាក់ថា “ទួល​ទំពូង ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ​អាគារ​ពាណិជ្ជកម្ម និង​ស្ថាប័នឯកជន​ច្រើន​មិន​ចាញ់ តំបន់​បឹង​កេងកង​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​ដី គឺ​ទាប​ជាង​តំបន់​បឹង​កេងកង​ជិត​ពាក់កណ្តាល” ។

ដី​នៅ​បឹង​កេងកង ដែល​ស័ក្ដិសម​នឹង​សំណង់​អគារ​អា​ផាត​ម៉ិ​ន មានតម្លៃ​ប្រមាណ​ជាង៥០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​នៅ​ទួល​ទំពូង​អាច​ស្ថិតនៅក្នុង​ចន្លោះ​ត្រឹម​ជាង ២៥០០-៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដូច្នេះ​វា​ជា​បាន​ក្លាយជា​ជម្រើស​ល្អ​របស់​អ្នកវិនិយោគ។

ជាមួយនឹង​ការបញ្ជាក់​ពី​ស្ថានភាព នៃ​តម្រូវការ​ទីផ្សារ​ជួល​នៅពេល​បច្ចុប្បន្ននេះ លោក​សៅ សា​ខុំ ក៏បាន​បង្ហាញ​ពី​ភាព​ជឿជាក់ថា ទីផ្សារ​នៃ​ការជួល​វិស័យ​ក្នុង​ផ្នែក​នេះ នឹងមាន​ការកើនឡើង​នៅ​ដើមឆ្នាំ២០២១ ជាពិសេស​ក្រោយពេល​វិបត្តិ នៃ​ជំងឺឆ្លង​ត្រូវបាន​ស្ងប់ស្ងាត់ និង​ត្រូវបាន​ទប់ស្កាត់​បានជា​ស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here