អ្នកជំនាញអះអាងថា វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ថ្លៃ​ជាធ​ម្យ​ម ១២% ជា​រៀងរាល់ឆ្នាំ

ដោយ វុត្ថា

ភ្នំពេញ៖ វិស័យ​ដីធ្លី​ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មានការ​កើនឡើង​ថ្លៃ​ជា​មធ្យម​ប្រមាណ ១២ភាគរយ​ក្នុងមួយឆ្នាំៗ ដែល​ធ្វើឱ្យ​អ្នក​អភិវឌ្ឍន៍​មានការ​លំបាក​ក្នុង​ការទិញ​សម្រាប់ធ្វើ​ការវិនិយោគ។

លោកស្រី អាន សុ​ធិ​តា នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ថា តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន CBRE ក្នុង​រយៈពេល ១០ឆ្នាំ​កន្លងមកនេះ ដោយ​មិនទាន់​បានគិត ឆ្នាំ ២០២០នេះ មាន​កំណើន​ជា​មធ្យម​ប្រមាណ ១២ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្តថា កំណើន​តម្លៃ​ដីធ្លី​នេះ បើ​ធៀប​ជាមួយនឹង​កំណើន​ប្រជាពលរដ្ឋ​របស់​ប្រទេស​កម្ពុជា គឺមាន​កំណើន​ខ្ពស់ជាង​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស តែ​យ៉ាងណា​និន្នាការ​នេះ វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ដែល​ស្ថិតនៅ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ។

នាយិការ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia រូបនេះ​បាន​បន្ថែមទៀតថា កំណើន​តម្លៃ​ដីធ្លី ១២ភាគរយ​នេះ គឺ​មិន​សំដៅ​ដល់​វិស័យ​អចលនទ្រព្យ​ទូទៅ​នោះទេ ខណៈ​វិស័យ​ខ្លះ​ដូចជា​ការិយាល័យ​កើនឡើង ៥ភាគរយ ខុន​ដូ​កើនឡើង ៥ ទៅ ៦ ភាគរយ​តែប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។

លោកស្រី​បន្ថែមទៀតថា បើក​ធៀ​ម​ជាមួយនឹង​ផ​លិ​ផល​ក្នុងស្រុក (GDP) របស់​ប្រទេស​កម្ពុជា វិស័យ​អចលនទ្រព្យ​ទាំងមូល​មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​ចន្លោះ ៨ ទៅ ៩ភាគរយ ខណៈ​សេដ្ឋកិច្ចកម្ពុជា​មាន​ក្នុង​រង្វង់ ៧ភាគរយ ក្នុងន័យនេះ​អាច​និ​យ​បាន​វា​មាន​ស្ថានភាព​កំណើន​ប្រហាក់ប្រហែលគ្នា។

លោកស្រី​បញ្ជាក់ថា ក្នុងចំណោម​វិស័យ​អចលនទ្រព្យ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា មានតែ​វិស័យ​ដីធ្លី​ប៉ុណ្ណោះ ដែលមាន​ការកើនឡើង​ខ្ពស់​ជាងគេ គឺ​ក្នុង​រង្វង់ ១២ភាគរយ ដែល​កំណើន​នេះ បានធ្វើឱ្យ​អ្នក​អភិវឌ្ឍន៍​មានការ​លំបាក​ក្នុង​ការទិញ​យកមក​អភិវឌ្ឍន៍ ។ លោកស្រី​ពន្យល់ថា នៅពេល​ថ្លៃដើម​មាន​កំណើន​ខ្ពស់ ក៏​ការលក់​ចេញ​វិញ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ ទើប​ទទួលបាន​ផលចំណេញ តែ​ពិបាក​សម្រាប់​អ្នក​ដែលមាន​តម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here