រដ្ឋមន្រ្តីៈវិស័យកសិកម្មរួមចំណែក៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានថ្លែងថា វិស័យកសិកម្មកម្ពុជា បានវិវត្តន៍យ៉ាងឆាប់រហ័ស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ផលទុនជាតិសរុប(GDP) ប្រមាណេ 30% និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រហែល 60% មុនវិបត្តិកូវីដ-១៩។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំប​ន់ (តាមប្រព័ន្ធ Zooming) ស្តីពី “ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញប្រកប​ដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនបានបន្តថា កត្តាវិជ្ជមានទាំងអស់នេះ បណ្តាលមកពីការពង្រីកដីកសិកម្មទាំងនៅតំបន់ទំនាប និងតំបន់ខ្ពង់រាប និងការកើនឡើងនៃផលិតភាពផលិតកម្មដោយសារការកើនឡើង នៃការប្រើគ្រឿងយន្តកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ធាតុចូលកសិ​កម្មដូចជាពូជសត្វ ពូជដំណាំ និងបន្លែគ្រប់ប្រភេទ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ល។ ដោយឡែកចំពោះការនាំចេញ កម្ពុជា បាននាំចេញកសិផលមានអង្ករ ពោត ដំឡូងមី ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកៅស៊ូធម្មជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយ។

លោកបន្តថា យើងទទួលស្គាល់ថា ការប្រើប្រាស់ដីកសិកម្ម ការកើនឡើងនៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់ សត្វល្អិត ពិតជាបាននាំឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមជា មួយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាមានការថយចុះ មូលហេតុពីការ ធ្លាក់ ចុះ នៃ តម្រូវ ការ ទីផ្សារ និង ការ កើន ឡើង តម្លៃ ដឹក ជញ្ជូន សម្រាប់ ការ នាំ ចេញ។

ជារួម និងមិនអាចចៀសវាងបាន ការបម្រែបម្រួលអាកាសធាតុបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទ ហើយនៅថ្ងៃអនាគតសម្រាប់រយៈពេល ២០២៥ – ២០៥០ តំបន់កសិកម្មភាគច្រើននៃប្រទេសកម្ពុជា អាចបន្តជួបនឹងហានិភ័យ ដោយគ្រោះរាំងស្ងួត ហើយនៅក្រោមសេណារីយ៉ូ នៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្មនឹងរងផលប៉ះពាល់ផងដែរ ជាក់ស្តែងផលប៉ះពាល់លើវិស័យកសិកម្ម បណ្តាលមកពីគ្រោះមហន្តរាយ ដោយទឹកជំនន់មានប្រមាណ៦២% និងគ្រោះរាំងស្ងួត៣៦% ជាពិសេ​សកសិករខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែកលើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខដំណាំ ឲ្យស្របទៅតាមបម្រែបម្រួលអាកាសធាតុជាសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here