បញ្ហាអាជីវកម្មលក់បានតិច គួរដោះស្រាយយ៉ាងណា?

ដោយ៖ សុធារី

ភ្នំពេញ៖ បញ្ហាដំបូងបំផុតដែលម្ចាស់អាជីវកម្មតែងតែជួបប្រទះគឺការលក់បានតិច។ នៅពេលចាប់ផ្តើមអាជីវកម្មដំបូង គេគិតថាបើមានហាងមួយស្អាត ទីតាំងល្អ ផលិតផលល្អ និងតម្លៃសមរម្យ គេនឹងអាចលក់បានដោយងាយ។ ដំណើរការបានពីរបីឆ្នាំ ទើបគេដឹងថាចំនួនអតិថិជនមិនបានកើនឡើងដូចការរំពឹងទុកនោះទេ។ អាជីវកម្មចាប់ផ្តើមនៅទ្រឹង មិនត្រឹមតែមិនចំណេញទេ តែបន្តខាតរាល់ខែ។ ហេតុអ្វី?

គេត្រូវពិនិត្យមើលលើមូលដ្ឋានសំខាន់ៗមួយចំនួន៖
១. តើទីផ្សារមានឆន្ទៈក្នុងការទិញទេ (Willingness to buy)? ផលិតផល និងសេវាកម្មល្អៗ និងមានប្រយោជន៍ជាច្រើនដែលត្រូវបានបង្កើតមកហើយ ហើយត្រូវចេញពីទីផ្សារទៅវិញដោយសារអតិថិជនភាគច្រើនយល់ថាវាមិនចាំបាច់នឹងត្រូវចំណាយ។ ឧទាហរណ៍ ធុងសម្រាមឆ្លាតវៃ វត្ថុអនុស្សាវរីយធ្វើពីវត្ថុកែឆ្នៃ។

២. តើការមានតម្រូវការនៅក្នុងទីផ្សារទេ? តើចំនួននៃការផ្គត់ផ្គង់មានច្រើនប៉ុណ្ណាបើធៀបនឹងតម្រូវការ? នេះជាច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការ (Supply vs Demand)។ ឧទាហរណ៍៖ នៅក្នុងទីផ្សារពិតជាមានតម្រូវការនៃការទទួលទានកាហ្វេ ប៉ុន្តែសម្រាប់ការផ្គត់ផ្គង់បច្ចុប្បន្ន ចំនួនអ្នកលក់កាហ្វេមានច្រើនសន្ធឹក ពោលគឺរំលងគ្នាបីបួនផ្ទះមានហាងកាហ្វេមួយទៅហើយ។ អ្នកលក់កាហ្វេមានចំនួនស្ទើរតែស្មើគ្នានឹងចំនួនអ្នកផឹកកាហ្វេ! តើអ្នកនឹងទទួលបានភ្ញៀវច្រើនប៉ុណ្ណាប្រសិនបើអ្នកហក់ចូលទៅក្នុងទីផ្សារកាហ្វេនៅពេលនេះ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ភាពមានប្រៀបរបស់ផលិតផលធៀបនឹងដៃគូប្រជែង (Competitiveness)។ តើអ្នកមានអ្វីល្អជាងដៃគូប្រជែង អាចជាទីតាំង កេរ្តិ៍ឈ្មោះក្នុងទីផ្សារ គុណភាពផលិតផល តម្លៃ សេវាកម្មអតិថិជន ការដឹកជញ្ជូន ឬការផ្តល់ជូនបន្ថែម? ប្រសិនបើអ្នកគ្មានអ្វីពិសេស អ្នកអាចនឹងត្រូវរង់ចាំដល់ពេលអតិថិជនអាក់អន់ចិត្តជាមួយអ្នកលក់ផ្សេង ទើបគេប្តូរចិត្តមកទិញពីអ្នកម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here