វៀតណាមក្លាយជាប្រទេសផលិតដែកថែបច្រើនបំផុតនៅអាស៊ីអាគ្នេយ៍

ដោយៈ សុផារី

វៀតណាមៈ វៀតណាមនឹងក្លាយជាប្រទេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍និងជាប្រទេស ដែលជាប់ចំណាត់ថ្នាក់ក្នុងប្រទេសទាំង១៥ ដែលផលិតដែកបានច្រើនជាងគេលើពិភពលោក។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុននៅប្រទេសវៀតណាម ផលិតដែកឆៅសរុបបានរហូតដល់១៩,៥ លានតោន ហើយគួរឱ្យចាប់អារម្មណ៍ប្រហែល៣៧% នៃផលិតកម្មសរុបបានមកពីក្រុមហ៊ុនមួយឈ្មោះថា “Hoa Phat Group” ឬ HPG។
Hoa Phat Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ប្រហែល២៩ឆ្នាំមុន ដោយបុរសម្នាក់ឈ្មោះ Tran Dinh Long។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tran Dinh Long ធ្លាប់បាននិយាយក្នុងបទសម្ភាសមួយថា គាត់មិនមានចំណេះដឹងអំពីឧស្សាហកម្មដែកទាល់តែសោះ ហើយនៅថ្ងៃដែលខ្ញុំចាប់ផ្តើមបោះជំហានចូលទៅក្នុងអាជីវកម្មនេះ គាត់មានតែភាពក្លាហាន។

លោកបានបន្តថា គាត់និងដៃគូរបស់គាត់ចាប់ផ្ដើម បើកហាងលក់គ្រឿងបន្លាស់ម៉ាស៊ីនក្នុងឆ្នាំ១៩៩២ ហើយបន្ទាប់មកចាប់ផ្ដើមរៀនយុទ្ធសាស្ត្រពាណិជ្ជកម្ម (Trading)។ គាត់ចាប់ផ្តើមដោយនាំយកទំនិញបរទេ​សថោកៗ ចូលមកលក់បន្តក្នុងតម្លៃខ្ពស់ក្នុងប្រទេសវៀតណាម ។

ក្រោយមកក្រុមហ៊ុនបានពង្រីកអាជីវកម្ម គ្រឿងសង្ហារឹមនៅឆ្នាំ១៩៩៥ និងអាជីវកម្មដែកនៅឆ្នាំ១៩៩៦។
លោក ឡុង បានមានប្រសាសន៍ថា “ប្រទេសកំពុងអភិវឌ្ឍន៍ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់។ នោះហើយជាមូលហេតុ ដែលគាត់ជ្រើសរើសពង្រីកអាជីវកម្មរបស់គាត់ក្នុងឧស្សាហកម្មដែក”។

ក្នុងអំឡុងពេលដែល Hoa Phat ចាប់ផ្ដើមពង្រីកអាជីវកម្មដែក សេដ្ឋកិច្ចវៀតណាមក៏កំពុងពង្រីកកាន់តែលឿន ដោយ GDP របស់វៀតណាមចន្លោះឆ្នាំ២០០០-២០១០ ជាមធ្យម៦-៧% ក្នុងមួយឆ្នាំ។ កំណើនផលិតផលក្នុងស្រុកនេះ នាំទៅដល់ការពង្រីកទីក្រុង កំណើននៃការប្រើប្រាស់ក្នុងស្រុក និងក្នុងវិស័យសំណង់ ធ្វើឱ្យអាជីវកម្មដែករបស់ Hoa Phat ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកំណើនសេដ្ឋកិច្ចវៀតណាម។

ជាលទ្ធផលទទួលបានប្រាក់ចំណូលពីអាជីវកម្មដែក ក្លាយជាប្រាក់ចំណូលចម្បងរបស់ក្រុមហ៊ុន។
ក្នុងឆ្នាំ២០០៧ ច្រើនជាង៦០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន បានមកពីការលក់ផលិតផលដែលទាក់ទងនឹងដែកថែប។ ក្នុងឆ្នាំនោះ ក្រុមហ៊ុនត្រូវបានប្តូរឈ្មោះទៅជា Hoa Phat Steel JSC ហើយបានចុះបញ្ជីនៅផ្សារភាគហ៊ុន ហូជីមិញផងដែរ និងបង្កើតឱ្យមានកំណើនក្នុងអាជីវកម្មដែកបន្ត។

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណែកទីផ្សាររបស់វៀតណាម ដោយដែកថែបរចនាសម្ព័ន្ធ និងបំពង់ដែកមានចំណែកទីផ្សារ៣២% និង ៣១% រៀងគ្នា។

ចំណុចគួរឱ្យចាប់អារម្មណ៍ ប្រសិនបើយើងក្រឡេកមើលអាជីវកម្ម សំខាន់ៗនៅក្រោមក្រុមហ៊ុន Hoa Phat Group មែនធ្វើអាជីវកម្មដែកថែបតែមួយមុខទេ មានដូចជា៖

– ក្រុមហ៊ុន Hoa Phat Dung Quat Steel JSC មានអាជីវកម្មផលិតដែក និងលក់ដែកប្រភេទផ្សេងៗ។
– ក្រុមហ៊ុន Hoa Phat Agriculture Development JSC ចូលរួមក្នុងការផលិតជី ចំណីសត្វ និងកែច្នៃសាច់។
– ក្រុមហ៊ុន Hoa Phat Urban Development and Construction JSC ប្រតិបត្តិការអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ។

សមាមាត្រនៃប្រាក់ចំណូលសរុប របស់ក្រុមហ៊ុននៅឆ្នាំ២០២០ ត្រូវបានបែងចែកជា ៨៤% បានមកពីអាជីវកម្មដែក១២% បានមកពីអាជីវកម្មកសិកម្ម និង២% បានមកពីអាជីវកម្មអចលនទ្រព្យ។

លទ្ធផលនៃក្រុមហ៊ុន Hoa Phat Group កន្លងមក ក្នុងឆ្នាំ២០១៨ ចំណូល ៨១,៤៤១ លានបាត ប្រាក់ចំណេញ ១២,៥០៤ លានបាត ក្នុងឆ្នាំ២០១៩ ចំណូល ៩២,៨៤០ លានបាត ប្រាក់ចំណេញ ១០,៩៧៨ លានបាត និងក្នុងឆ្នាំ២០២០ ចំណូល ១៣១,៤៦៨ លានបាត ប្រាក់ចំណេញ ១៩,៦២២ លានបាត។

បច្ចុប្បន្ន ក្រុមហ៊ុនHoa Phat Group មានតម្លៃក្រុមហ៊ុនប្រមាណ៣៧០ពាន់លានបាត និងជាក្រុមហ៊ុនធំទី៤នៅវៀតណាម។ ការរីកចម្រើននៃក្រុមហ៊ុន Hoa Phat Group បានធ្វើឱ្យលោក Tran Dinh Long ក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិសរុបប្រហែល១២៦ពាន់លានបាត ដែលត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតទី៣នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here