ដោយៈ សុផារី
សេអ៊ូលៈ ក្រោយពីប្រទេសកូរ៉េបានកំណត់ ការចេញទិដ្ឋាការការងារអស់រយៈពេលជិតពីរឆ្នាំ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំអនុញ្ញាតឱ្យពលករបរទេស កាន់តែច្រើនត្រឡប់មកប្រទេសវិញ ដើម្បីគាំទ្រដល់កម្លាំងការងារក្នុងកសិដ្ឋាន រោងចក្រ និងការដ្ឋានសំណង់ក្នុងស្រុក ដែលពឹងផ្អែកខ្លាំងលើពលករចំណាកស្រុក។
យោងតាមមន្ត្រីក្រសួងការងារកាលពីថ្ងៃពុធ រដ្ឋាភិបាលកំពុងស្វែងរកការអនុញ្ញាតឱ្យចូលជនបរទេសបន្ថែមទៀត ជាមួយនឹងទិដ្ឋាការការងារមិនវិជ្ជាជីវៈប្រភេទ E-9 ដែលត្រូវបានចេញសម្រាប់អ្នក ដែលចូលមកធ្វើការក្នុងវិស័យការងារដោយដៃតែប៉ុណ្ណោះ។
វិធានការនេះ កំពុងត្រូវបានអនុវត្តន៍ រួមជាមួយការផ្លាស់ប្តូរដែលបានគ្រោងទុករបស់រដ្ឋាភិបាលចំពោះ “ការរស់នៅជាមួយកូវីដ១៩” នៅក្នុងខែវិច្ឆិកា ហើយព័ត៌មានលម្អិតបន្ថែមស្តីពី ការពង្រីកកម្លាំងពលកម្មបរទេសត្រូវបានគេរំពឹងថា នឹងប្រកាសនៅខែក្រោយ។
ទិដ្ឋាការ E-9 ត្រូវបានចេញជាចម្បងដល់កម្មករមកពី១៦ប្រទេស ដែលភាគច្រើននៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការចូលមកកាន់ប្រទេសកូរ៉េ ត្រូវបានហាមឃាត់ទាំងស្រុង បន្ទាប់ពីជំងឺរាតត្បាត បានវាយប្រហារប្រទេសនេះនៅដើមឆ្នាំ២០២០។ ដើម្បីឆ្លើយតបទៅនឹងការតវ៉ា ដែលកំពុងកើនឡើងអំពីកង្វះកម្លាំងពលកម្ម អាជ្ញាធរមូលដ្ឋានបានលើកបម្រាមនេះ សម្រាប់ប្រទេសតែមួយប៉ុណ្ណោះក្នុងខែវិច្ឆិកាឆ្នាំមុន និង៥ទៀតក្នុងខែមេសាឆ្នាំ២០២២ខាងមុខនេះ។
ពេលនេះពលករបរទេស ដែលអនុញ្ញាតមកពីប្រទេសចំនួន៦ រួមមាន កម្ពុជា ថៃ និងវៀតណាម ប៉ុន្តែចំនួនពលករអន្តោប្រវេសន៍ថ្មី នៅប្រទេសកូរ៉េខាងត្បូង នៅតែធ្លាក់ចុះ ៩០% បើធៀបនឹងកម្រិតខ្ពស់បំផុតមុនកូវីដក្នុងឆ្នាំ២០១៩៕