ដោយៈម៉ាលីនណា
ភ្នំពេញៈ ផលិតផលកសិកម្មសម្រេចបានកំនើនជាវិជ្ជមានលើការនាំចេញ ដោយទំហំទឹកប្រាក់ បានកើនដល់ប្រមាណ៤០០០លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំផលិតផលដំឡូងមីបានចំនួន ២១០៦៩៤៤,៨៦តោន ទៅកាន់បណ្តាប្រទេសមួយចំនួន នៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។
ក្នុងចំណោមផលិតផលកសិកម្ម ដែលបាននាំចេញនោះរូមមាន ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន កើនឡើងចំនួន ១០,១០%។ ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧៥ ០៧០តោន ប្រទេសវៀតណាមចំនួន ៤៤១ ៥៣១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន។ ចំណែក ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោនកើនឡើងចំនួន ១៧,៥៤%ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥២១ ៧២០តោន និងប្រទេសថៃចំនួន ២២២ ០០០ តោន។
រីឯ ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោនកើនឡើងចំនួន ២៤,២៥%ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៣០៧,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន៦៩៤,៣៤ តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២ តោន សហរដ្ឋអាមេរិកចំនួន១៧០តោន និងប្រទេសណេដឺឡែនចំនួន១៥២ តោន និង កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន ថយចុះចំនួន -៣៥,០៨%នាំចេញទៅប្រទេសចិន។
យោងតាមរបាយការណ៍ដដែល លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូទៅកាន់គោលដៅទីផ្សារ៦៨ប្រទេស សរុបចំនួន ៦,៣៦៤, ៦០៧,២៤ តោនកើនឡើងចំនួន២,៩៧០,៦៩១,៦០ តោនស្មើនឹង ៨៧,៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ៣ ៣៩៣ ៩១៥,៦៤តោន ដោយទទួលបានប្រាក់ចំណូលចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក៕