អាមេរិកសន្យានឹងផ្ដល់ថវិកាបន្ថែម ១០២លានដុល្លា គាំទ្រក្នុងកិច្ចសហប្រតិបត្តិការវិស័យឌីជីថល សន្តិសុខ និងសន្តិភាព

ដោយៈសុផារី

អាស៊ានៈ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា អាមេរិកនឹងផ្ដល់ថវិកាបន្ថែមចំនួន១០២លានដុល្លា ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត ក្នុងនោះអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាន នៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ កាលពីនៅរាត្រីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១។

សហរដ្ឋអាមេរិក និងអាស៊ាន ក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការ ទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយអាស៊ាន និងសហរដ្ឋអាមេរិកនឹងប្រារព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាស តាមរយៈបណ្តាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រជាធិបតីសហរដ្ឋអាមេរិកក៏បានលើកអំពីអ្វី ដែលអាមេរិកមានជាមួយនឹងអាស៊ានថាជាទំនាក់ទំនងរឹងមាំ ជាពិសេសសហរដ្ឋអាមេរិកប្ដេជ្ញាខ្ពស់ បន្តការគាំទ្រដល់អាស៊ាន នឹងបន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។ ជាមួយគ្នានេះលោកប្រធា​នាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសជាគោលដៅសហរដ្ឋអាមេរិក នឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១ពាន់លានដូសនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះប្រមុខថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន នូវសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ដូចជាទី១ ពាក់ព័ន្ធទៅនឹងកូវីដ១៩ ដែលសហរដ្ឋអាមេរិក បានផ្ដល់ការគាំទ្រជាច្រើន រួមទាំងមាន ការជួយសមាជិកអាស៊ាននីមួយៗផងដែរ។

ប្រមុខថ្នាក់ដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់អំពីការគាំទ្រ របស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ ក្នុងនោះប្រមុខថ្នាក់ដឹកនាំអាស៊ាន ក៏បានវាយតម្លៃខ្ពស់អំពីការជម្រុញការបង្កើនពាណិជ្ជកម្ម និងវិនិយោគ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងអំពីតួនាទីរបស់អាស៊ានក្នុងការសម្របសម្រួល ជាពិសេសទៅលើកិច្ចសហការសន្តិសុខ។ នេះជាលើកដំបូងហើយដែលប្រធានាធិបតី ចូ បៃដិន បានចូលរួមកិច្ចប្រជុំអាស៊ានសហរដ្ឋអាមេរិក លើកទី៩នេះ ហើយមេដឹកនាំអាស៊ាន ក៏ដូចជា សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here