ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ជាមួយគោលដៅប្រកបដោយមហិច្ចតា និងធ្វើឲ្យបុរីរបស់ខ្លួនកាន់តែមានភាពទាក់ទាញ ក្រុមហ៊ុនបុរីប៉េង ហួតបានសម្រេចបោះទុន៦០លានដុល្លារ ដើម្បីបង្កើតសួនកំសាន្តលំដាប់អន្តរជាតិមួយ ស្ថិតនៅក្នុងបុរីរបស់ខ្លួនតាមបណ្តោយផ្លូវជាតិលេខ១ ។
អគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួតគ្រុបលោកឧកញ៉ា ថៃ ម៉េងលីបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍នេះសួនកំសាន្តលំដាប់ អន្តរជាតិនេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតាជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៏ពិពាហ៏។ សួនកំសាន្តនេះ ត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេសប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។
លោកបានបន្តថា ការរៀបចំតំបន់កំសាន្តនេះទៀតសោត យើងបានរៀបចំជាតំបន់អឺរ៉ុបផ្សេងៗគ្នាចំនួនដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។
ចំណែកតំបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាលរស់ឡើងវិញនៃអរិយធម៌រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះ នឹងត្រូវបានគេប្រើប្រាស់ជាភោ ជនីយដ្ឋាន សម្បូរបែប មានអាហារអឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។
លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា “ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌិហ្សាញសួនលំហែរ ដែលលជាងគេលំដាប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរដែលល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅ ប្រទេសអង់គ្លេស” ។
លោកបន្តថា “គំរោងនេះនឹងបើកដំណើរការស្វាគមន៍ អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅដែលស្វែងរកកន្លែងសម្រាកលំហែរ និងញ៉ាំអាហារប្រកបដោយផាសុកភាព។ លោកឧកញ៉ាបន្តថា “ក្រុមហ៊ុនចាប់អារម្មណ៏ក្នុងការវិនិយោគឡើងគឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ” ។
ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានថ្លែងថា ការវិនិយោគសួនកំសាន្តបែបនេះជាការល្អ ព្រោះយើងអាចចាត់ទុកវាជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងបង្កើតឲ្យមានភាពទាក់ទាញបន្ថែមសម្រាប់រាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញមិនសូវមានរមណីយដ្ឋានកម្សាន្តឡើយ។
លោកស្រីបន្តថា “កន្លងមកវិស័យឯកជន ផ្នែកទេសចរណ៍តែងតែអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគរមណីយដ្ឋានកែច្នៃបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍” ៕