ដោយៈសុផារី
ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក បានបន្តជ្រើសរើសកម្ពុជាជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបាននិងបន្តផ្តល់ការគាំទ្រលើវិស័យអាទិភាព៤។
វិស័យអាទិភាពសំខាន់ៗទាំងនោះរួមមាន ទី១ វិស័យសុខាភិបាល(សុខភាពមាតា, កុមារ, ទារក និងអាហារូបត្ថម្ភ) ទី២ វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី៣ វិស័យទឹកស្អាត និងអនាម័យ និងទី៤ កសិកម្ម និងការប្រែប្រួលអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសការជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ឈៀង យ៉ាណារាំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ. ជ.នា/ ក. អ. ក) និងលោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសមនិងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងភាពជាដៃគូ។
លោក ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរលោក Martin – Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពន សាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមាននិវាសនដ្ឋានផ្ទាល់នៅកម្ពុជា។
លោក Martin Vávra បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពសម្រេចបានពីការអនុវត្តអនុស្សរណៈ យោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ឆែក និងកម្មវិធីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់សាធារណរដ្ឋឆែកសម្រាប់កម្ពុជា ឆ្នាំ២០១៨-២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា។ ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលឆែកក៏បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ១៩ នៅកម្ពុជា តាមរយៈតម្រោងស្តីពីការពង្រឹងការត្រៀមខ្លួន និងសមត្ថភាពឆ្លើយតបរបស់សា្ថប័ន សុខាភិបាលសាធារណៈកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
ទន្ទឹមនឹងនេះ លោក Martin Vävra ក៏បានជម្រាបលោក ឈៀង យ៉ាណារ៉ា ថាទូតឆែកប្រចាំកម្ពុជាបាន និងកំពុងរៀបចំនីតិវិធីប្រកាស ទទួលសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២២ ដែលនឹងប្រកាសជាផ្លូវការទទួលសំណើ គម្រោងពីក្រសួងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ៕