ដោយៈ លក្ខិណា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រា់បការគ្រប់គ្រងឆ្នាំ២០២២ខាងមុខ បានកំណត់ឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវរកចំណូលឱ្យបាន២៦០០លានដុល្លារអាមេរិក ដោយក្នុងមួយខែជាមធ្យម ឱ្យបាន២១៧លានដុល្លារលើសឆ្នាំ ២០២១ ៩,៥ភាគរយ។
លោកគុណ ញឹមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា អគ្គនាយកគយនិងរដ្ឋាករកម្ពុជាឱ្យដឹងកាលពីថ្ងៃទី២៧ តុលាកន្លងមកថា កំណត់ដោយច្បាប់ថវិកាឱ្យគយរកចំណូលឲ្យបាន២៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ ហាក់បង្ហាញពីការលំបាកក្នុងសម្រេចឱ្យបាន ដោយសារវិបត្តិកូវីដ១៩ ប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច ជាមួយការលើកទឹកចិត្តផ្នែកពន្ធជួយដល់អ្នកវិនិយោគផង រួមទាំងការអនុវត្តន៍កាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានការអនុគ្រោះពន្ធទៅវិញទៅមក។
ទោះជាយ៉ាងណាក្ដី លោកបានប្តេជ្ញាខិតខំប្រឹងប្រែង ក្នុងការសម្រេចឱ្យបាននូវផែនការ ប្រមូលចំណូលរបស់រាជរដ្ឋាភិបាល ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២២។
លោកគុណ ញឹមបានបន្តថា “យើងនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការប្រមូលចំណូលនេះ សម្រាប់ឆ្នាំ២០២២ យើងនឹងពិនិត្យមើលកត្តាអំណោយផលផ្សេងៗ និងរៀបចំផែនការសកម្មភាព ប្រចាំឆ្នាំរបស់យើងថាតើអ្វីដែលយើងនៅសេសសល់ និងមានសក្តានុពល សម្រាប់ប្រមូលចំណូលជាតិ”។
ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិកា ឱ្យត្រូវបានចំនួន៦,៣ពាន់លានដុល្លារ ត្រូវជា២០,៦១ភាគរយ នៃផ.ស.ស ដែលមានការកើនឡើង១៩,៣ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ខណៈការចំណាយសម្រាប់ឆ្នាំ២០២២ មានចំនួនប្រមាណ៨,៥ពាន់លានដុល្លារត្រូវជា ២៧,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលបាន១,៦៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង៧១,៩ភាគរយ នៃផែនការប្រចាំឆ្នាំដែលកំណត់ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨ភាគរយ ៕