លោក​បណ្ឌិត​គីម ហ៊ាង៖ ក្រុមហ៊ុន​អចលនទ្រព្យធំៗនឹង​លេប​ក្រុមហ៊ុនតូចៗនៅ​កម្ពុជា

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អចលនទ្រព្យ កាន់តែ​មាន​ភាព​ប្រកួតប្រជែង ហើយ​ការ​នាំចូល Franchise ក្រុមហ៊ុនធំៗចូល​ម​កម្ពុជា​កាន់តែច្រើន អ្នកជំនាញ​ក្នុង​វិស័យនេះ​បានលើកឡើង​ពី​រលក​ថ្មី​មួយ​ក្នុង​វិស័យនេះ ដោយ​អះអាងថា ក្រុមហ៊ុនធំៗនឹង​លេប​ក្រុមហ៊ុន​អចលនទ្រព្យតូចៗនាពេល​អនាគត។

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន KW Cambodia និង Khmer Real Estate បាន​មានប្រសាសន៍​ឲ្យ​ដឹ​ថ​ថា រយៈពេល​បី​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យតូចៗ ដែលមាន​បុគ្គលិក​ចន្លោះ​ពី២០ ទៅ៣០នាក់​នឹង​ស្លាប់​ដោយ​ខ្លួនឯង ប្រសិនជា​ពួកគេ​មិន​ជ្រក​ក្រោម​ស្លាក ឬ​ទិញ Franchise ពី​ក្រុមហ៊ុនធំៗ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទេនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា នៅពេល​អ្នក​អភិវឌ្ឍន៍​បុរី ឬ​ខុន​ដូ​មួយ ត្រូវការ​ក្រុមហ៊ុន​មួយ ដែល​ដើរតួនាទី​ជា​ភ្នាក់ងារ​លក់​គំរោង​របស់​ពួកគេ ពួកគេ​នឹង​ជ្រើស​រើសយក​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក ឬ​អ្នកលក់២០០ទៅ៣០០នាក់ ពួកគេ​មិន​រើស​ក្រុមហ៊ុន​ដែលមាន​ភ្នាក់ងារ​លក់២០ទៅ៣០នាក់​នោះទេ។

លោក​គីម ហ៊ាង​បាន​បន្តថា “នេះ​ជា​និន្នាការ​ទីផ្សារសេរី អ្នកខ្លាំង​រស់ អ្នកខ្សោយ​នឹង​ស្លាប់​ដោយ​ខ្លួនឯង ហេតុនេះ​ជម្រើស​ល្អ​គឺ​ក្រុមហ៊ុនតូចៗត្រូវ​រំលាយ ឬ​មក​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុនធំ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ លំដាប់​ពិភពលោក​ជាច្រើន បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា ដូចជា Century21 Cambodia, ERA, CBRE, Knight Frank, Keller William ជាដើម ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់​តែមាន​ទំនុកចិត្ត ព្រមទាំង​ច​រិ​ក​នៃ​ការប្រកួតប្រជែង​កើនឡើង។

លោក​បណ្ឌិត​គីម ហ៊ាង​បាន​បន្តថា ក្រុមហ៊ុន​អាមេរិកធំៗ មុន​ចូលមក​កម្ពុជា​ពួកគេ​បាន​សិក្សា​ទីផ្សារ៤ទៅ៥ឆ្នាំមុន ទើប​ពួកគេ​សម្រេចចិត្ត​ចូលមក ហេតុនេះ​នៅពេល​ពួកគេ​ចូលមក​ដល់ មានន័យថា​ទីផ្សារ​នេះ​រៀបរយ​សម្រាប់​ពួកគេ​រួចហើយ។

លោក​បន្តថា “អ្នករកស៊ី​អចលនទ្រព្យ​គ្មាន​អាជ្ញាប័ណ្ណ នឹង​កាត់បន្ថយ ហើយ​ពួកគេ​នឹង​រត់​មករក​ក្រុមហ៊ុន ដែលមាន​អាជ្ញាប័ណ្ណ​ដោយ​ខ្លួនឯង នៅពេល​ទីផ្សារ​កាន់តែ​មាន​ទំនុកចិត្ត​ជាមួយ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ និង​មាន​កេ​រ្ត៍​ឈ្មោះ​ល្បី​នៅលើ​ពិភពលោក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here