រដ្ឋមន្រ្តីប្រៃសណីយ៍ជំរុញឱ្យក្រុមហ៊ុនអាមេរិកវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍

ដោយៈ សុផារី

ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រុញនិងទាក់ទាញក្រុមហ៊ុនអាមេរិកធំៗ ចូលមកវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនា​គមន៍ និងបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បែបនេះ ក្នុងពេលទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN) ដែលមានតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក Amazon, Facebook, Visa និង VMware ដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធសន្និសីទវីដេអ (Zoom) ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញឱ្យក្រុមហ៊ុនអាមេរិក ចូលមកដាក់ទុនវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។

លោក Michael W. Michalak បានកោតសរសើរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងការជំរុញការចាក់វ៉ាក់សាំង ជូនសាធារណជនប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀតលោក ក៏បានសម្តែងនូវឆន្ទៈក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈការផ្ដល់ធាតុចូល សម្រាប់សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងកម្មវិធីពង្រឹងសមត្ថភាព លើចំណេះដឹងផ្នែកឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិតសម្រាប់សាធារណជនទូទៅ និងមន្ត្រីរាជការ។

នៅក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ជំហរពីការគាំទ្ររបស់លោក ចំពោះក្រុមហ៊ុនអាមេរិក ដែលចាប់អារម្មណ៍ ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ជាពិសេសលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះដែរ លោកបានលើកឡើងពីវឌ្ឍនភាព របស់ក្រសួងក្នុងរយៈពេលមួយឆ្នាំកន្លងមករួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការអភិវឌ្ឍជំនាញឌីជីថ លសម្រាប់មន្រ្តីរាជការរបស់ក្រសួង សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត។

លោកក៏បានចែករំលែកនូវការដាក់ឱ្យដំណើរការនូវ QR Code StopCovid ប្រកប​ដោយជោគជ័យ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងគោលដៅសម្រាប់កសាងទៅលើភាពជោគជ័យ នៃការអភិវឌ្ឍអត្តសញ្ញាណឌីជីថលសម្រាប់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here