រដ្ឋាភិបាលនៅតែបន្តជំរុញឱ្យសម្រេចបាននូវប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងប្រទេសចំណូលតាមផែនការ

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងបញ្ហាដោយសារតែជំងឺកូវីដ១៩ក្ដី តែកម្ពុជានៅតែមានបំណង និងជំរុញឱ្យសម្រេចបាននូវប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះ រដ្ឋាភិបាលបានរៀបចំកម្មវិធីជាតិ ដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជា និងបណ្តាប្រទេសនានា លើពិភពលោកបាននិងកំពុងជួបស្ថានភាពលំបាក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏កម្ពុជា នៅតែបន្តរួមសហការគ្នាក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះផង ព្រមទាំងរក្សាបាននូវនិរន្តរភាព ការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញ កិច្ចដំណើរការ កំណែទម្រង់នានាផងដែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការអនុវត្តន៍គោលនយោ​បាយកំណែទម្រង់វិមជ្ឈការ និងវិសសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានសក្តានុពល ក្នុងការចូលរួមចំណែកសម្រេច បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការស្ដារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។

សម្ដេចបានមានប្រសាសន៍រំលឹកឡើងវិញថា កម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១ ២០១០-២០២០ ដោយជោគជ័យនិងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឱ្យដំណើរការ ស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិស្របតាមគោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ រួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here