ដោយៈសុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលានេះ បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល មានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន សមាជិក ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃបណ្តាក្រសួងស្ថាប័ននានាសរុប ២៨រូប។
រាជរដ្ឋាភិបាលបានគិតគូរ និងរៀបចំដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី បន្ទាប់ពីវិស័យឌីជីថល បានក្លាយជាវិស័យស្នូលក្នុងពេលវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ ១៩ និងដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងទាញយកសក្តានុពលនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល។
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ “កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជម្រុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី”។
ចក្ខុវិស័យនេះត្រូវសម្រេចឲ្យបានក្នុងរយៈពេល១៥ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន៣ គឺ “ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល” ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តដំណាលគ្នា ប៉ុន្តែផ្ដល់អាទិភាពទៅលើវិធានការ ដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។
មានន័យថាបរិវត្តកម្មឌីជីថល គឺជាគោលដៅចុងក្រោយ ដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយ ក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឲ្យគ្នា។
បន្ថែមលើនេះ ក្របខ័ណ្ឌគោលនយោបាយនេះ ផ្ដោតលើសមាសធាតុចំនួន៥ ដែលចែកចេញជាគ្រឹះចំនួនពីររួមមាន(១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល (២) ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល និងសសរស្ដម្ភចំំនួនបីរួមមាន (១). ការកសាងពលរដ្ឋឌីជីថល (២). ការកសាងរដ្ឋាភិបាលឌីជីថល និង (៣). ការជំំរុញធុរកិច្ចឌីជីថល ។
ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គម “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិត ក្នុងកម្រិតឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិត ក្នុងកម្រិតអប្បបរមា” វិធានការគោលនយោបាយ ត្រូវបានរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ចនិង សង្គមដើម្បីធានាបាននូវការកាត់បន្ថយ បច្ច័យអវិជ្ជមានផងដែរ៕