ក្រុមហ៊ុនយក្ស Toyota គ្រោងបោះទុនវិនិយោគ៣,៤ពាន់លានដុល្លារ លើការផលិតអាគុយរថយន្តនៅសហរដ្ឋអាមេរិក

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១៨តុលា ថា ខ្លួននឹងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅប្រ​មាណ៣,៤ពាន់លានដុល្លារ លើការអភិវឌ្ឍ និងផលិតអាគុយរថយន្ត នៅសហរដ្ឋអាមេរិក ដល់ឆ្នាំ២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតលើពិភពលោក បើគិតពីចំនួនផលិតមួយនេះ ក៏និយាយដែរថា ខ្លួនមានគម្រោងបង្កើតក្រុមហ៊ុនថ្មីមួយ និងសាងសង់រោងចក្រផលិតអាគុយរថយន្តថ្មីមួយនៅសហរដ្ឋអាមេរិក រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Tsusho។

រោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្ដើមផលិតកម្មក្នុងឆ្នាំ២០២៥ ហើយតាមការរំពឹងទុកវានឹងជួយបង្កើតការងារថ្មីៗ បានចំនួន១.៧៥០កន្លែងនៅសហរដ្ឋអាមេរិក។

ទំហំទុនវិនិយោគទាំងនេះ ជាផ្នែកមួយនៃទឹកប្រាក់ចំនួន១៣.៥ពាន់លានដុល្លារ ដែលខ្លួនបានប្រកាសកាលពីខែកញ្ញាថា ខ្លួនមានផែនការវិនិយោគទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍអាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយរបស់ខ្លួន។ ក្រុមហ៊ុនជប៉ុន មួយនេះបាននិយាយកាលពីខែកញ្ញាថា ខ្លួនមានបំណងកាត់បន្ថយការចំណាយ លើថ្លៃដើមក្នុងការផលិតអាគុយរបស់ខ្លួនឱ្យបាន៣០%ឬច្រើនជាងនេះ។

ក្រុមហ៊ុន Toyota គូសបញ្ជាក់ថា ជាដំបូងក្រុមហ៊ុនបង្កើតថ្មីនេះ នឹងផ្តោតលើការផលិតអាគុយ សម្រាប់រថយន្តកូនកាត់ ឬ Hybrid ហើយទាក់សមត្ថភាពផលិត រចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនថ្មីនេះ និងទីតាំងរោងចក្រខាងលើនេះ ខ្លួននឹងទម្លាយឱ្យដឹងតាមក្រោយ។

​ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោក កំពុងសម្រុកបោះទុនវិនិយោគជាច្រើ​នពាន់លានដុល្លារ ដើម្បីបង្កើនការផលិតអាគុយ និងរថយន្តអគ្គិសនី ខណៈក្រុមហ៊ុនទាំងនោះប្រឈមនឹងបទប្បញ្ញត្តិស្តីពី បរិស្ថានដែលមានលក្ខណៈកាន់តែតឹងរ៉ឹង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here