ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២0 (the 20th ASEAN Economic Community Council Meeting) តាមប្រព័ន្ធវីដេអូ។
ប្រភពពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ បានដឹកនាំដោយលោកបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងអស់ រដ្ឋមន្ត្រីឌីជីថលអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋមន្រ្តីក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបដោយសង្ខេបជូនអង្គប្រជុំ អំពីគោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។
លោកបន្តថា កិច្ចប្រជុំក៏បានរៀបចំឱ្យមានជំនួប រវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីឌីជីថលអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការបង្កើតឱ្យមាននូវសង្គតិភាពរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់អាស៊ាន។
លោកប៉ាន សូរស័ក្តបានបញ្ជាក់ទៀតថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច រួមមាន ទី១ វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់ព្រុយណេក្នុងឆ្នាំ២០២១ ទី២ អនុសាសន៍របស់របាយការណ៍ ពាក់កណ្តាលអាណត្តិនៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ទី៣ របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំពូលអាស៊ានលើកទី៣៨និង៣៩ ទី៤ ការត្រៀមដើម្បីរៀបចំឯកសារចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ទី៥ ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងទី៦ ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕