ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការបើកចំហសេដ្ឋកិច្ចឡើងវិញ តាមដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាជំហ៊ានដ៏ល្អសំរាប់វិនិយោគិនបរទេស។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមកាលពីព្រលប់ថ្ងៃទី១៩ តុលាកន្លងមកថា វាជាសញ្ញាល្អសំរាប់វិនិយោគិនបរទេស ប៉ុន្តែសំរាប់វិស័យទេសចរណ៍ ទំនងជាមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ ព្រោះធម្មតាអ្នកទេសចរណ៍ ពួកគេមិនចង់ដើរកំសាន្តនៅប្រទេសណាមួយ ដែលមានការជាប់ធ្វើចត្តាឡីស័កនោះទេ។
លោកបន្តថា “ប្រសិនជាការធ្វើចត្តាឡីស័ក ត្រូវកាត់បន្ថយពេលវេលា អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ថយចុះច្រើន សកម្មភាពសេដ្ឋកិច្ចនឹងអាចមានភាពរសរវើកឡើងវិញបណ្តើរៗហើយ”។លោកបន្តថា “ប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះណាស់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការបើកចំហរប្រទេសជាដំណាក់កាលៗ”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ការចុះហត្ថលខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនាពេលខាងមុខ និងការអនុម័តដាក់ឲ្យប្រើប្រាស់ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ជាយុទ្ឋសាស្រ្តមួយដ៏ល្អ ដើម្បីជំរុញការនាំចេញ ក៏ដូចជាជួយលើកកំពស់សេដ្ឋកិច្ចកម្ពុជា។
លោកបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នឹងបើកការចចារ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ជាមួយប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត សុទ្ឋតែជាសញ្ញាដ៏ល្អ សំរាប់សេដ្ឋកិច្ចរបស់យើងនាពេលខាងមុខនេះ៕