វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែមានកំណើនប្រកបដោយចីរភាព បើទោះបីសិ្តតក្នុងវិបត្តិសកល

ដោយ ៖ ប៊ី

ភ្នំពេញ ៖ វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅតែស្ថិតលើមាគ៌ានៃការរីកចម្រើនប្រកបដោយចីរភាព ទោះបីជាវិស័យជាច្រើនរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ។ នេះបើយោងតាមការលើករបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។

លោកបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍ សម្លៀកបំពាក់ និងស្បែកជើងបានទទួលរងនូវផលប៉ះពាល់នៃជំងឺ តែចំណែកវិញវិស័យហិរញ្ញវត្ថុ និងកសិកម្មនៅតែបន្តកើនឡើង។
លោកបន្តថា “ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការណ៍មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ធនាគារ និងនិងគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានសន្ទនីយភាពគ្រប់គ្រាន់ និងលើកទឹកចិត្តដល់ពួកគេរៀបចំឥណទានឡើងវិញក្នុងការជួយសម្រួលដល់ការលំបាកដល់អតិថិជន ដែលទទួលរងផលប៉ះពាល់ដោយជំងឺនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែមីនា NBC បានដាក់ចេញនូវវិធានការនានាដែលវិធានការរួមទាំងនេះត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់គិតជាឥណទានប្រមាណ ២ ពាន់លានដុល្លារសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តផ្តល់ឥណទាន។ ជាមួយគ្នានោះដែរ NBC ក៏បានចេញសារាចរណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់វិស័យអាទិភាព ៤ ដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងដឹកជញ្ជូន និងឡូជីស្ទិក។

លោក សាយ សូនី នាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានរាយការណ៍អំពីកំណើនពីអាជីវកម្មក្នុងអំឡុងពេលវេលាដ៏ពិបាកនេះផងដែរ។ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ផលបត្រកម្ចីសរុបមានចំនួន ២,៦៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៨៣ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០១៩ ខណៈដែលតុល្យភាពប្រាក់បញ្ញើមានចំនួន ១,៨៩ ពាន់លានដុល្លារ កើនឡើង ៥,៧៦ ភាគរយ។

លោកថ្លែងប្រាប់ថា “កំណើនកម្ចីរបស់យើងនឹងមិនសម្រេចបានតាមការព្យាករណ៍របស់យើងនោះទេ ដោយសារតែផលប៉ះពាល់របស់ជំងឺកូវីដ ១៩។ ជាលទ្ធផល យើងនៅសល់សាច់ប្រាក់ និងសន្ទនីយភាពដែលមិនបានប្រើខ្ពស់ផងដែរ។ យើងកត់សម្គាល់ថា កំណើនអាជីវកម្មរបស់យើងយឺត ប៉ុន្តែមានភាពល្អប្រសើរ”។
លោកបន្តទៀតថា “យើងនៅតែរក្សាទំនាក់ទំនងល្អ និងពិភាក្សាជាមួយអតិថិជន ដើម្បីស្វែងរកដំណោះស្រាយដែលអាចជួយជំនះនឹងវិបត្តិនេះ។ ជាមួយគ្នានេះយើងក៏នៅបន្តការផ្ដល់កម្ចីគ្រប់ប្រភេទដល់អតិថិជន ហើយជាពិសេសយើងក៏បានចូលរួមក្នុងផែនការសហហិរញ្ញប្បទានរបស់រដ្ឋាភិបាល ដើម្បីផ្ដល់កម្ចីដល់ SME ជាមួយអត្រាការប្រាក់កាន់តែទាបចំនួន ០,៥៨ ភាគរយក្នុង ១ ខែផងដែរ”។

ប្រាសាក់ បានបញ្ចេញកម្ចីដល់វិស័យអប់រំប្រហែល ២,១ លានដុល្លារអាមេរិកដែលកម្ចីភាគច្រើនសម្រាប់បម្រើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចជា គ្រឹះស្ថានបណ្ដុះបណ្ដាលភាសាបរទេស និងមជ្ឈមណ្ឌលមត្តេយ្យសាលាជាដើម។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនាពេលកន្លងមកនេះថា សមាជិករបស់សមាគមទាំង ១០៣ គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្តនឹងដដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ ១៩ ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។
លោកបន្តថា គ្រឹស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណ ១៧៥.៣៦៤ នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញដោយសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះអតិថិជនចំនួន ១៥២.៨០៨ នាក់ ឬជិត ៩០ភាគរយ នៃអតិថិជនដែលបានស្នើសុំបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here