ដោយៈ សុផារី
ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ៩៥,៧ ទ្រីលានរៀល ក្នុងនោះការនាំចេញមាន៣៥,២ ទ្រីលានរៀល កើនឡើង៣,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
ស្របពេលជាមួយគ្នានេះ ការនាំចូលទំនិញពីកម្ពុជា មានទំហំទឹកប្រាក់៦០,៥ ទ្រីលានរៀល កើនឡើង៤៤,៣%។ នេះបើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១៤ ខែតុលា កន្លងមក។
ទន្ទឹមនេះ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញមាន សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារចម្បងៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរី។
ចំណែក ផលិតផលនាំចូលសម្រាប់បម្រើ តម្រូវការក្នុងស្រុកសំខាន់ៗមាន វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារនិងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ មកពីប្រទេសចម្បងៗ ដូចជា ប្រទេសចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប៕