តើ​អ្វីដែលអ្នកត្រូវគិតជាមុនអំពីលុយ និងគុណតម្លៃជីវិត?

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ ដុំបាយ និងក្រពះ លុយនិងសីលធ៌មជារឿងមួយបែងចែកដាច់ពីគ្នា ដែលវាមានសភាពប្រទាក់ក្រឡាគ្នា នៅក្នុងបិបទជីវិត។

មាន​ឧទាហរណ៍​ជាក់​ស្តែង​ជា​ច្រើន​ ដែល​គេ​អាច​ឆ្លុះ​បញ្ជាំង​បញ្ហា​នេះ​។​ ការ​ឆេះ​ផ្ទះ ឬ​ទ្រព្យ​សម្បត្តិ​ប្រជាជន​នា​ពេល​ថ្មីៗ​នេះ ឬ​ក៏​អគ្គិភ័យ​នា​ពេល​កន្លង​ទៅ​ ជា​ច្រើន​ករណី​មក​ហើយ ​មាន​ពេល​ខ្លះ ពលរដ្ឋ​ម្ចាស់​ទ្រព្យ បាន​ត្អូញ​ត្អែរ ថា​ត្រូវ​បាត់​បង់​ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ​ទៅ​ហើយ បែរ​ជា​ត្រូវ​បង់​ខាត់​នឹង​សេវា​កម្ម​ពន្លត់​អគ្គិភ័យ​ថែម​ទៅ​ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក​ឯ​ដំណើរ​ការ​ពន្លត់​ភ្លើង​នោះ​ទៀត​សោត ក៏​មាន​ពេល​ខ្លះត្រូវ​បាន​ម្ចាស់​ផ្ទះ​ជន​រងគ្រោះ​ខ្លួន​ឯងលើក​ឡើង​ថា គេ​ត្រូវ​ចរចា​តម្លៃ​ជា​មុន​ថែម​ទៅ​ទៀត ទម្រាំ​មាន​ការ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា​។ នៅ​គ្រា​ខ្លះ​ទៀត​ ការ​ចរចា​តម្លៃ​គ្នា​ មិន​ត្រូវ​រ៉ូវ ក៏​បាន​ធ្វើ​ឲ្យ​អាយុ​ជីវិត​មនុស្ស និង​សម្បត្តិ​ទ្រព្យ ​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​ ផង​ក៏​មាន។​

ពាក្យ​ចាស់​បុរាណ តែង​ពោល​ថា ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្តាល​ទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ! ឃ្លា​ចុង​ក្រោយ​នេះ បាន​សេចក្តីថា ការ​ឆេះ​ផ្ទះ​សម្បែង​ គឺ​វា​ខាង​បង់​ធ្ងន់ធ្ងរ​ខ្លាំង​ក្លា​ណាស់​ចំពោះ​អាយុ​ជីវិត​ និង​សម្បត្តិ​ទ្រព្យ​ធុន​។ មាន​ពេល​ខ្លះ ទ្រព្យ​សម្បត្តិ​ ដែល​គេ​ខំ​ប្តូរ​នឹង​កម្លាំង​ញើស​ឈាម ​ស្ទើរ​តែ​មួយ​ជីវិត ត្រូវ​ផុត​រលត់​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ ដោយ​សារ​តែ​អគ្គិភ័យ​ និង​ការ​ពន្លត់​ភ្លើង​មិន​ទាន់។ ក៏​ប៉ុន្តែ មាន​ក្រុម​ពន្លត់​អគ្គិភ័យ​ខ្លះ​នោះ​ បែរ​ត្រូវ​រង់​ចាំ​តថ្លៃ​លុយ​កាក់​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ជាមុន​សិន​ មុន​នឹង​សង្គ្រោះ​ជីវិត ឬ​ទ្រព្យ​សម្បត្តិ ទៅ​វិញ​!។

នេះ​គេ​នៅ​មិន​ទាន់​រាប់​ពី​ដំណើរ​ការ​ពន្លត់​ភ្លើង​ ដែល​មាន​លក្ខណៈ​មិន​ទាន់​សភា​ព​ការ​ផង​។​ ជាមួយ​គ្នា​នេះ មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក​ខ្លះ ថែម​ទាំង​បាន​រិះគន់​ដោយ​កាត់ត​រូប​ថត​ ​ឡាន​ពន្លត់​អគ្គិភ័យ​ បាញ់​ទឹក​ដាក់​ក្រុម​បាតុករ ដោយ​មាន​កម្លាំង​ទឹក​ខ្លាំងក្លា​ តែ​ការ​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​វិញ គឺ​បែរ​ជា​ទឹក​ចេញ​តិច​តួច​ទៅ​វិញ​។

នៅ​ក្នុង​វិស័យ​សេវាសាធារណៈ​ផ្សេង​ទៀត​ ដូចជា​វិជ្ជាជីវៈ​ជា​វេជ្ជ​បណ្ឌិត​ជា​ដើម ដែល​គេ​ចាត់​ទុក​ជា​ទេវតា​សង្គ្រោះ​ជាតិ​មនុស្ស។​ ក៏​ប៉ុន្តែ​នៅ​ពេល​ខ្លះ គ្រូ​ពេទ្យ​មួយ​ចំនួន​ បែរ​ជា​សម្លឹង​មើល​លុយ​កាក់​ជា​ធំ មុន​នឹង​សង្គ្រោះ​ជាតិ​ជីវិត​មនុស្ស​ទៅ​វិញ។ មិន​ខ្វះ​ទេ ករណី​ដែល​គេ​អាច​ឆ្លុះ​បញ្ចាំង​រឿង​នេះ។ ត្បិត​កន្លង​មក គឺ​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ ត្រូវ​ការ​ឆ្លង​ទន្លេ​ប្រសូត្រ​បុត្រ តែ​ត្រូវ​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ដោយ​សារ​តែ​គ្រូពេទ្យ​មួយ​ចំនួន​ ពុំ​ព្រម​ជួយ​សម្រាល​ ព្រោះ​តែ​គ្នា​ក្រ​គ្មាន​ប្រាក់។

នៅ​មាន​ករណី​ គ្រោះថ្នាក់​បន្ទាន់ៗផ្សេងៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​ធ្ងរ​ជា​ដើម។ ពេល​ខ្លះ​ ជន​រងគ្រោះ​បាត់​ស្មារតី ត្រូវ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ហើយ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​លុយ​កាក់ ​ដោយ​ត្រូវ​តថ្លៃ​រឿង​ថវិកា​ជា​មុន​សិន។ បើ​គ្មាន​លុយ​ទេ ក៏​ត្រូវ​រង់ចាំ​យូរ ឬ​គ្មាន​បាន​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ ឲ្យ​បាន​ឆាប់​រហ័ស​ ផង​ក៏​មាន​។

ថែម​ពី​នេះ ការ​លក់​ដូរ​ចំណី​អាហារ បន្លែ​ ផ្លែឈើ ដោយ​ដាក់​ជាតិ​គីមី ដើម្បី​ទុក​បាន​យូរ លក់​បាន​លុយ​ច្រើន ប៉ុន្តែ​អ្នក​លក់​ខ្លះ មិន​បាន​ខ្វល់​ខ្វាយ​គិតគូរ​ពី​ផល​ប៉ះពាល​ដល់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ​។ ករណី​ទាំង​នេះ គឺ​មិន​មែន​ជា​រឿង​ថ្មីទេ នៅ​ក្នុង​សង្គម​ខ្មែរ។

សង្គម​ខ្មែរ​ ដែល​ឆ្លង​កាត់​អំពើ​អមនុស្ស​ធម៌ អំពើ​ហិង្សា​រ៉ាំរ៉ៃ​ក្នុង​របប​ខ្មែរ​ក្រហម និង​ក្នុង​សម័យ​ជា​បន្ត​បន្ទាប់​មក​ទៀត​ គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ បាក់​ស្បាត និង​កែប្រែ​ផ្នត់​គំនិត​យ៉ាង​ច្រើន​សម្បើម។ ខ្មែរ​ដែល​ធ្លាប់​តែ​ទន់​ភ្លន់ ញញឹម​ រៀប​សា ចេះ​ដឹង​ទុក្ខ​ធុរៈគ្នា​ អ្នក​ខ្លះ​បែរ​ទៅ​ជា​ច្រលើម​កោង​កាច​ និង​មាន​គំនិត​សួន​តួ ហើយ​គិត​តែ​ពី​លុយ​ និង​អំណាច​បុណ្យ​សក្តិ​ជា​ដើម​។​

ដូច្នេះ បណ្តុះ​សីលធម៌ និង​មនសិការ​វិជ្ជាជីវៈ គួរ​តែ​ត្រូវ​រឹត​បណ្តឹង​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត។ ចំណែក​ការ​ចេះ​ជួយយក​អាសា​​គ្នា​នៅ​ក្នុង​សង្គម គឺ​តម្លៃ​នៃ​មនុស្ស​ជាតិ​ ដែល​គេ​​ពុំតែ​​គួរ​មើល​រំលងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here