ដោយ ម៉ាលីនណា
កណ្តាល ស្របពេលការអភិវឌ្ឍកាន់តែងាកចេញពីរាជធានីភ្នំពេញ តំបន់ជាច្រើននៅជុំវិញទីក្រុងនេះ នឹងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែងតំបន់ជុំវិញភ្នំប្រសិទ្ឋ ដែលមួយផ្នែកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកពញ្ញាឮខេត្តកណ្តាលកំពុងទាក់ទាញការវិនិយោគបុរី និងសំណង់លំនៅដ្ឋានកាន់តែច្រើន។
សកម្មភាពពុះដីឡូត៍លក់ដែលបានរីករាលដាលដូចពពុះសាប៊ូហាក់បានថយសកម្មភាព ដោយជំនួសវិញនូវសំណង់បុរីនិងលំនៅដ្ឋាន ដោយសារតំបន់នេះស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងខ្វាត់ខ្វែង។
អគ្គនាយកនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេ Propertyarea.asiaលោកយិន លាងគង់ ដែលជាអ្នកតាមដានសកម្មភាពអភិវឌ្ឍន៍ និងដំនើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវលេខ៥១ និងផ្លូវជាតិលេខ៥ និងផ្លូវលេខ១៥១(ចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំប្រសិ ទ្ឋ) និងផ្លូវខ្វាត់ខ្វែងជាច្រើនទៀត បាននិងកំពុងធ្វើឲ្យស្រុកទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ស្របពេលតម្លៃដីធ្លីនៅតំបន់នេះស្ថិតក្នុងតម្លៃសមរម្យនៅឡើយ។
លោកបន្តថា “ខ្ញុំសង្កេតឃើញថា តម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន តែមិនអាចទិញបានទេ សំរាប់រយៈពេលបីឆ្នាំទៅ៥ឆ្នាំខាងមុខនេះ ដោយសារក្រុងភ្នំពេញកាន់តែរីកធំ ចំនួនប្រជាជនកើនឡើងកាន់តែច្រើន”។លោកបន្តថា “ហេតុនេះសកម្មភាពនៃការវិនិយោគ និងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងពង្រីកទៅតំបន់នោះ”។
លោកលាងគង់បន្តថា “សណ្ឋានដី និងលក្ខខ័ណ្ឌអាកាសធាតុនៅតំបន់នេះ មានភាពល្អប្រសើរ ពិសេសមានរមណីយដ្ឋានសម្រាប់លំហែរនៅជុំវិញ បាននិងកំពុងធ្វើឲ្យតំបន់នេះ ស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគនាពេលអនាគត”។
បច្ចុប្បន្នតម្លៃដីធ្លីនៅជុំវិញតំបន់នេះពិសេសតំបន់ភ្នំប្រសិទ្ឋមានកើនឡើងតម្លៃរួចទៅហើយដែលដីនៅតំបន់នោះមានតម្លៃចន្លោះពី១៥ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រអាស្រ័យលើទីតាំងនិងលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋនានា។
លោកបណ្ឌិតគីមហ៊ាងអគ្គនាយកក្រុមហ៊ុនKW Cambodiaបានថ្លែងថា តំបន់ភ្នំប្រសិទ្ឋក្នុងស្រុកពញ្ញាឮ និងស្រុកឧត្តុងមានសក្តានុពលខ្ពស់នាពេល អនាគត ដោយសារជាតំបន់ស្ថិតនៅកៀកទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ និងមានសណ្ឋានដីខ្ពស់ ដែលមិនប្រឈមមុខនឹងការលិចលង់នាពេលអនាគត។
លោកបន្តថា “ខ្ញុំគិតថាតំបន់នេះ នឹងមានការរីកចម្រើនលឿន នៅក្នុងរយៈពេលបីទៅ៥ឆ្នាំខាងមុខ ដោយសារលក្ខខ័ណ្ឌមួយចំនួនខាងលើ”។
ឧបនាយករដ្ឋមន្រ្តីជាសុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្តល់អនុសាសន៍ឲ្យអ្នកវិនិយោគនានា សាងសង់លំនៅដ្ឋានតម្លៃមធ្យមនៅតំបន់នោះ ដោយសារជាតំបន់ស្ថិតនៅក្បែរទីក្រុង និងមិនមានការបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនោះទេ៕