ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើននៅរាជធានីភ្នំពេញ បានធ្វើតេស្តសំណាកកម្មករនិយោជិត បុគ្គលិក ដើម្បីរកមេរោគកូវីដ១៩ ក្រោយវិលត្រឡប់ពីស្រុកកំណើត និងចូលបំពេញការងារឡើងវិញ។
លោកលី គីមស្រៀង ប្រធានរដ្ឋបាលក្រុមហ៊ុនផលិតស្បែកជើង ហ្គោលដេន ប្រូស្ពើរ ហ៊្វូតវែរ ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រុងភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី១១ តុលានេះថា ឆ្លើយតបការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យត្រៀមឧបករណ៍តេស្តរហ័សអង់ទីហ្សែន ដើម្បីតេស្តរកមេរោគកូវីដ១៩កម្មករ និយោជិត ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនរបស់លោកបានអនុវត្តជាបណ្តើរៗ ចាប់តាំងពីថ្ងៃសៅរសប្តាហ៍មុនមកម្ល៉េះ។
លោកបន្តថា “បច្ចុប្បន្នឧបករណ៍តេស្តរហ័ស នៅក្រុមហ៊ុនមានចំនួន១,៣០០ឧបករណ៍តេស្ត ខណៈកម្មករនិយោជិតសរុបចំនួនប្រមាណ៩០០នាក់”។ លោកឲ្យដឹងទៀតថា “ការចូលរួមយកសំណាកនេះ បងប្អូនកម្មករនិយោជិតមិនមានការតវ៉ា ឬរុញរាអ្វីទេ ពោលគឺចូលរួមដោយស្ម័គ្រចិត្ត និងដោយសប្បាយរីករាយ ព្រោះដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាក្នុងពេលបំពេញការងារ”។
ជាមួយគ្នានេះ លោក គង់ ចាន់ថន ប្រធានសហជីពមូលដ្ឋាននៃសម្លេងយុវជនកម្ពុជា និងជាកម្មករនៅរោងចក្រខាងលើបានអះអាងថា នឹងបន្តផ្សព្វផ្សាយអំពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ជំរុញឲ្យកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តនូវវិធានការណែនាំ របស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ១៩ និងដើម្បីឲ្យប្រទេសឆាប់វិលត្រឡប់រកប្រក្រតីភាពឡើងវិញ។
ចំណែកលោក សុខ ពិសិដ្ឋ បុគ្គលិកធនាគារមួយនៅក្រុងភ្នំពេញ បានឲ្យដឹងដែរ ការយកសំណាក ក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកទាំងអស់ធ្វើតេស្តសំណាករៀងៗខ្លួន និងដោយខ្លួនឯងសិន មុននឹងអនុញ្ញាតឲ្យចូលបំពេញការងារឡើងវិញ ដោយរាល់ការចំណាយគឺជាបន្ទុករបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់កម្មករនិយោជិត និងបុគ្គលិកដទៃផ្សេងទៀត គួរតែចូលរួមឲ្យបានគ្រប់ៗគ្នា ព្រោះដើម្បីសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ៕