ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការចាប់ផ្តើមអាជីវកម្មមួយ មិនពិបាកពេកនោះទេ តែការគ្រប់គ្រងធនធានមនុស្ស និងសេវាកម្មរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញឡើយ។
ហេតុនេះហើយ ទើបថ្ងៃនេះ យើងមកមើលកំហុសធំៗ ទាំង៤ ដែលម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើនតែងធ្វើ៖
👉១. ភ្លេចខ្លួនពេលមានដើមទុនច្រើន
អ្នកមិនត្រូវភ្លេចខ្លួន ពេលរកបានដើមទុនច្រើននៅដំណាក់កាលដំបូង នៃអាជីវកម្មនោះទេ។ កំហុសដែលគេច្រើនតែធ្វើគឺ ចាយលុយលើសពីបរិមាណគម្រោង ដែលគួរចាយ។ អ្នកអាចចាយលើការតុបតែង ការទិញគ្រឿងថ្លៃៗជាដើម តែកុំភ្លេចថា បើការរកប្រាក់ចំណូលមកវិញ តាមមិនទាន់ការចំណាយដើមទុននេះទេ អ្នកមុខជាជួបបញ្ហាប្រឈមជាមិនខាន។ ដល់ពេលនោះ អ្នកមុខជាត្រូវបន្ថយការចំណាយដើមទុនមកវិញ ដែលមានន័យថាសេវាកម្ម ឬផលិតផលរបស់អ្នក ក៏ត្រូវបន្ថយចុះមកវិញដែរ។ នេះជាអ្វីដែលគ្រោះថ្នាក់ណាស់។
ឧទាហរណ៍ថា អ្នកបើកហាងបាយដំបូង អាចខ្ចីលុយធនាគារបានច្រើន ឬមានអ្នកចូលហ៊ុនច្រើន អ្នកក៏យកលុយនោះមកចំណាយទិញគ្រឿងថ្លៃៗ ជួលអ្នករត់តុច្រើន ទៅតាមលុយដែលមាន អ៊ីចឹងម្ហូបអ្នកក៏ឆ្ងាញ់ ហើយសេវាក៏រហ័ស។ តែដោយអ្នកមិនអាចលក់ក្នុងតម្លៃលើសគូប្រជែងច្រើនបាន ហើយអ្នកចាយធំជាងគូប្រជែង។ យូរទៅប្រាក់ចំណេញអ្នកក៏តិច ទប់ការចំណាយមិនចង់ជាប់។ អ្នកក៏ត្រូវបង្ខំចិត្តបន្ថយគ្រឿង កាត់បន្ថយបុគ្គលិក។ ភ្ញៀវដែលធ្លាប់តែចូលមកក៏ឃើញខុសមុន យូរទៅអ្នកក៏បាត់ភ្ញៀវ។
👉២. ពឹងផ្អែកលើអ្នកដទៃខ្លាំងពេក
ការពិតដ៏ពិបាក ទទួលយកមួយនៅក្នុងការចាប់ផ្តើមអាជីវកម្មថ្មី គឺអ្នកអាចទុកចិត្តទាំងស្រុងលើមនុស្សតែម្នាក់ប៉ុណ្ណោះ គឺខ្លួនអ្នកផ្ទាល់។ នេះមិនមែនបានន័យថា អ្នកដទៃមិនចង់ឱ្យអ្នកជោគជ័យ ឬទុកចិត្តមិនបានអីនោះទេ តែគ្រាន់តែគ្មានអ្នកណាប្តូរផ្តាច់នឹងអាជីវកម្មនេះជាងអ្នកខ្លួនឯងនោះទេ ព្រោះចុងក្រោយវាមិនមែនជារបស់គេឯណា តែជាអាជីវកម្មរបស់អ្នក។ ហេតុនេះបើអ្នកចង់ជោគជ័យ អ្នកត្រូវតែហត់នឹងធ្វើរឿងជាច្រើនដោយខ្លួនឯង ដូចជាពិនិត្យគុណភាព ពិនិត្យបញ្ជីហិរញ្ញវត្ថុ ដោះស្រាយរឿងបុគ្គលិក ជាដើម។ អ្នកអាចនឹងមានមេការ តែអ្នកមិនត្រូវពឹងផ្អែកលើគេ១០០ភាគរយនោះទេ អ្នកត្រូវតែពិនិត្យមើលពីលើជាប់ជានិច្ច។
👉៣. ដាក់គោលដៅខ្ពស់ជ្រុល
បើអ្នកមានគោលដៅថាចង់ចំណេញប៉ុន្មាន ឬ ពង្រីកមុខរបរដល់កម្រិតណានៅឆ្នាំទីប៉ុន្មាន វាពិតជាល្អណាស់ តែសូមធ្វើយ៉ាងណាឱ្យប្រាកដថា គោលដៅរបស់អ្នកវាមិនហួសហេតុពេក។ ការដែលអ្នកដាក់គោលដៅខ្ពស់ទៅមិនដល់នេះ វានឹងធ្វើឱ្យអ្នកប្រញ៉ាប់ប្រញ៉ាល់ទៅឱ្យដល់គោលដៅ រហូតភ្លេចមើលចំណុចសំខាន់ៗផ្សេងទៀត។ ដល់ពេលវេលាកំណត់មកដល់ គោលដៅក៏មិនសម្រេច ហត់ទាំងកាយ បង់ទាំងកម្លាំងចិត្តអាចនាំឱ្យបាក់ទឹកចិត្តរយៈពេលវែងថែមទៀតផង។
👉៤. ទស្សនៈវិស័យខ្លីពេក
ចូរមើលឱ្យធំជាងការលក់នីមួយៗ ហើយរកមើលវិធី ដែលធ្វើឱ្យអតិថិជនមកទិញដដែលៗច្រើនដង និងផ្តល់អាទិភាពដល់អតិថិជន ដែលអាចនឹងក្លាយទៅជាម៉ូយរបស់អ្នក។ បើអ្នកគិតតែផ្តោតថា ភ្ញៀវមួយទិញតែម្តងហើយ វានឹងជាឧបសគ្គដល់អ្នកទៅវិញទេ។ ត្រូវចេះមើលនិងចាប់យកម៉ូយ៕