កម្ពុជាចូលរួមអនុម័តសេចក្ដីប្រកាសនៃប្រទេស G77 & China នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)

ដោយ តារា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បា​នចូលរួមកិច្ចប្រជុំនៃប្រទេស G77 & China ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីប្រកាស ថ្នាក់រដ្ឋមន្ត្រីនៃប្រទេស G77 & China សម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15)។

កិច្ចប្រជុំនេះ បានរៀបចំឡើងដោយសន្និសីទ សហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។
លោករដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួន ដែលប្រទេស G77 & China បានឯកភាព ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន ទី១ សារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ជាពិសេសសារៈសំខាន់នៃអង្គការ UNCTAD និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងការលើកកំពស់ពាណិជ្ជកម្ម និងការអភិឌ្ឍន៍ តាមរយៈការកសាងការឯកភាពរួម និងការអនុវត្តកាតព្វកិច្ចអន្តរជាតិរួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ការទាមទាឲ្យមានការទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមភាព និងការផ្គត់ផ្គង់ទាន់ពេលវេលា ដោយវ៉ាក់សាំងជាឧបករណ៍មួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទី៣ ស្នើសុំឲ្យមានការផ្ដល់នូវជំនួយអភិវឌ្ឍន៍ ផ្លូវការបន្ថែមទៀត និងតាមការសន្យារបស់ប្រទេសផ្ដល់ជំនួយ ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងនោះ។

ទី៤ គាំទ្រដល់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយចីរភាព និងទី៥ ការចូលរួមក្នុងការកាត់បន្ថយគម្លាតឌីជីថល រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងប្រព័ន្ធពហុភាគី ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងការកសាងសមត្ថភាព និងជំនួយបច្ចេកទេស។

សេចក្ដីប្រកាសនៃប្រទេស G77 & China នឹងយកទៅពិភាក្សាបន្ថែម ដើម្បីដាក់ខ្លឹមសារទាំងនេះ ចូលទៅក្នុងសេចក្ដីសម្រេចថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំ UNCTAD 15 បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here