ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ លោកប៉ាន សួរស័ក្តរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា អាមេរិកសម្រេចបានទំហំទឹកប្រាក់ ជាង៤០០០លានដុល្លារអាមេរិក កើនឡើង៣៧ភាគរយ ក្នុងរយៈពេល៧ខែឆ្នាំនេះ។
លោកប៉ាន សូរស័ក្ត បានមានប្រសាសន៍បែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋ សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលម៉ិញនេះ។
រដ្ឋមន្រ្តីបានស្វាគមន៍ ឯកឧត្តម W. Patrick Murphy និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ហើយបានជម្រាបជូនអំពីវឌ្ឍនភាព នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអាម៉េរិក ចំពោះការផ្តល់ជូនវ៉ាក់សាំង Johnson & Johnson ចំនួន១.០៦០.១០០ ដូស តាមរយៈ COVAX មកកម្ពុជា។
លោកប៉ាន សូរស័ក្ត បានលើកឡើងអំពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ក្នុងអំទ្បុងពេលនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។
លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញា មានការរីកចម្រើនច្រើន។
កម្ពុជាបាននិងកំពុងប្រឹងប្រែង សហការជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
លោករដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីការងារអាទិភាព ក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានសន្យានឹងជួយគាំទ្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕