ដោយៈសិរី ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនឥណ្ឌាធំមួយ Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែ នៅក្នុងតំបន់នេះ គឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លោកអ៊ឹង ឌីប៉ូឡា បានមានប្រសាសន៍ឱ្យដឹងនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍ វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។
លោកបន្តថា “លទ្ធផលនៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន”។
ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី១២០០ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី៕