ដោយៈសុខុម
វៀងច័ន្ទ: ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsubishi Corp បានបោះទុនវិនិយោគលើគម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីខ្នាតយក្សមួយនៅប្រទេសឡាវ ដែលជាស្ថានីយកង្ហារខ្យល់លើគោក ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចែកចាយអគ្គិសនីដល់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៦ កញ្ញា។
តាមរយៈសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mitsubishi បានបញ្ជាក់ថា ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនី ដែលមានកម្លាំង៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងខេត្តអត្ថពល (Attapeu) ប្រទេសឡាវ ភាគខាងត្បូង ដែលជាស្ថានីយដំបូងបង្អស់សម្រាប់ប្រទេសមួយនេះ នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development Ltd (IEAD) ដែលមានមូលដ្ឋាននៅក្រុងហុងកុង ដោយដំណើរការផលិតអគ្គិសនីគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥។
គម្រោងស្ថានីយកង្ហារខ្យល់លើគោកនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។
ក្រុមហ៊ុន Mitsubishi និយាយថា ប្រទេសវៀតណាម ត្រូវការការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសអំឡុងរដូវប្រាំង ដែលការផលិតថាមពលដោយទំនប់វារីអគ្គិសនី មិនអាចផ្តល់ថាមពលគ្រប់គ្រាន់។
ទោះបីមិនទម្លាយឱ្យដឹងអំពីទំហំ នៃការវិនិយោគនេះក្ដី ក៏ក្រុមហ៊ុនជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ មួយនេះនិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កាន់កាប់ភាគហ៊ុនប្រមាណ២៤ភាគរយ នៅក្នុងគម្រោងនេះ ហើយចំណែកដែលនៅសល់ កាន់កាប់ដោយក្រុមហ៊ុន BCPG Public Company Ltd និងក្រុមហ៊ុន Earth Power Investment Ltd ដែលសុទ្ធតែជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ។
ក្រុមហ៊ុន Mitsubishi និយាយថា “យើងនឹងបន្តរួមចំណែកធ្វើយ៉ាងណាសម្រេចឱ្យបានសង្គម ដែលគ្មានកាបូនឌីអុកស៊ីត តាមរយៈការខិតខំសម្រេចឱ្យបាននូវ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថិរភាពនៅក្នុងប្រទេសវៀតណាម និងដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានសម្រាប់សង្គមដែលមានស្ថិរភាព”។
ចំណាត់ការនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុន BCPG ប្រកាសកាលពីខែកក្កដា ថា ក្រុមហ៊ុន IEAD និង Vietnam Electricity ដែលជាក្រុមហ៊ុនអគ្គិសនីឈានមុខគេ នៅក្នុងប្រទេសវៀតណាម បានព្រមព្រៀងជាផ្លូវការ លើការទិញអគ្គិសនីរយៈពេល២៥ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនBCPG បានដកស្រង់ប្រសាសន៍របស់លោកស្រី Paradai Suebma ប្រធានក្រុមហ៊ុន IEAD ដែលបានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជាការសហការគ្នាជានិមិត្តរូបរវាងប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសជប៉ុន និងប្រទេសថៃ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យទូទាំងពិភពលោក។
យោងតាមក្រុមហ៊ុន Mitsubishi ឱ្យដឹងថា គម្រោងនេះគឺស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរថាមពល ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ កាលពីខែតុលា ឆ្នាំ២០១៦ ដែលក្នុងនោះប្រទេសវៀតណាម នឹងនាំចូលថាមពលអគ្គិសនី សរុបចំនួន៥.០០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ត្រឹមឆ្នាំ២០៣០។
ក្រុមហ៊ុនជប៉ុន មួយនេះបានកំណត់គោលដៅ សម្រេចឱ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យ ក្នុងអាជីវកម្មទឹកភ្លើងរបស់ខ្លួន នៅត្រឹមឆ្នាំ២០៥០ ហើយនឹងបង្កើនការផលិតអគ្គិសនី ពីប្រភពថាមពលកកើតឡើងវិញ ឱ្យបានទ្វេដង នៅត្រឹមឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០៣១ បើធៀបនឹងកម្រិតក្នុងឆ្នាំសារពើពន្ធ២០១៩៕ Bangkok Post៕