ដោយៈលក្ខិណា
ភ្នំពេញៈ ជាទូទៅសហគ្រិនសំដៅលើ បុគ្គលដែលជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន ដែលបានបង្កើតគំនិត ឬម៉ូឌែលថ្មីៗនៅក្នុងការរកស៊ី ហើយវាមិនត្រឹមតែផ្ដល់ផលចំណេញទៅដល់ពួកគាត់ប៉ុណ្ណោះទេ វាក៏បានបង្កើតជាប្រយោជន៍សម្រាប់សង្គម ក្នុងពេលតែមួយផងដែរ។
យ៉ាងណាក៏ដោយ ដើម្បីក្លាយជាសហគ្រិនខ្លាំងម្នាក់ វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមាននូវឧបសគ្គជាច្រើន នៅក្នុងដំណើរក្លាយជាសហគ្រិនឆ្នើម ឬខ្លាំងម្នាក់នោះ តែក៏មានបុគ្គលមួយចំនួនបានសម្រេចជោគជ័យ និងក្លាយជាសហគ្រិនដ៏ខ្លាំងម្នាក់ផងដែរ។
បើតាមបណ្ដុំសហគ្រិនខ្មែរ បានផ្ដល់ជាគន្លឺះមួយចំនួនជាទុន ក្នុងការក្លាយខ្លួនជាសហគ្រិនឆ្នើមឬសហគ្រិនខ្លាំងពូកែមួយរូប ។
១. សមត្ថភាពក្នុងការយល់ដឹង និងចេះទទួលស្គាល់ការពិត ដោយមិនចេះបាក់ទឹកចិត្ត បើទោះបីជាដឹងថាមុខរបរ ឬក្រុមហ៊ុននឹងត្រូវរងផលប៉ះពាល់ដោយសារកូវីដ១៩ ឬបញ្ហាណាមួយក៏ដោយ។ ស្របគ្នានោះដែរ សហគ្រិនដែលខ្លាំងម្នាក់ គឺមិនគេចវេសពីការពិត និងបញ្ហាដែលមានចំពោះមុខទេ ប៉ុន្តែគេជាបុគ្គលដែលមានផ្នត់គំនិត ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
២. គិតថាការលំបាក មានអត្ថន័យរបស់វា ហើយមានភាពវៃឆ្លាត ក្នុងការទាញការលំបាកទាំងឡាយ ដែលរងផលប៉ះពាល់ពីវិបត្តិនោះ មកជាការបង្កើតឱកាសថ្មីៗ សម្រាប់អភិវឌ្ឍទម្រង់អាជីវកម្ម តាមបែបថ្មីស្របតាមស្ថានការណ៍ជាក់ស្ដែង ដោយជឿជាក់ថាខ្លួនឯងមានសមត្ថភាព អាចកែប្រែស្ថានការណ៍មិនល្អបាន ព្រោះសហគ្រិនដ៏ខ្លាំងចេះបត់បែនគ្រប់កាល:ទេស: និងអាចបន្ធូរបន្ថយស្ថានភាពដ៏តានតឹងមួយ មកជាស្ថានភាពដែលមានភាពធូរស្រាលជាងមុន។
៣. យល់ថាការបរាជ័យមិនមែនជាទីបញ្ចប់ ដោយសារគ្មានអ្នកណា ដែលអាចគេចផុតពីភាពបរាជ័យទេ ប៉ុន្តែអាស្រ័យលើបុគ្គលនោះ ចេះតស៊ូ និងសិក្សាពីភាពបរាជ័យឬអត់។ ជាក់ស្ដែងដូចជាសហគ្រិនខ្លាំងមួយរូប គេមិនងាយនឹងបោះបង់ ដោយសារតែការបរាជ័យមួយនោះទេ។
ឧទាហរណ៍ ទោះបីសេដ្ឋកិច្ចអាជីវកម្ម ឬក្រុមហ៊ុនមានការធ្លាក់ចុះខ្លាំង ដោយសារកូវីដ១៩ បាត់បង់អតិថិជន ក៏សហគ្រិននោះ នៅតែបន្តខិតខំស្វែងរកដំណោះស្រាយនានា ដើម្បីដំណើរអាជីវកម្មរបស់គេដែរ។
៤. មានសមត្ថភាពក្នុងការដឹកនាំក្រុម ឬបុគ្គលិកយ៉ាងរលូននៅក្នុងប្រតិបត្តិការនីមួយៗ ដោយមិនប្រើអំណាចបញ្ជាគ្មានការពិចារណានោះទេ។ ដោយហេតុថា សហគ្រិនដែលមានភាពវៃឆ្លាតម្នាក់ គឺជាមនុស្សដែលចេះប្រើវិធីសាស្ត្រ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅក្រោមបង្គាប់ តាមរយ:ការបង្ហាញនូវភាពស្មោះត្រង់ ជាមួយពួកគេ ស្ដាប់ និងទទួលយកយោបល់ពីសមាជិកទាំងនោះ ដែលសកម្មភាពទាំងនេះ នឹងធ្វើឲ្យអ្នកក្រោមបង្គាប់មានភាពជឿជាក់ និងធ្វើការឲ្យសហគ្រិននោះ៕