កម្ពុជាទទួលបានមាសជាង៥០០គីឡូក្រាមក្នុងរយៈពេល៣ខែ ពីអណ្ដូងរ៉ែមាសអូរខ្វាវ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលប្រមាណ៣ខែប៉ុណ្ណោះ កម្ពុជាទទួលបានរ៉ែមាស៥២២គីឡូក្រាម ពីអណ្ដូងរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរីដែលចម្រាញ់ដោយក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល ខេមបូឌា លីមីធីត ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃក្រសួងរ៉ែនិងថាមពល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយដកស្រង់សម្ដីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលឱ្យដឹងថា គិតមកត្រឹមពេលនេះ ក្រុមហ៊ុនបានបំពេញ បែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន៧លើក ស្មើនឹងទំងន់ប្រមាណ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “តម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិ មានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ តម្លៃនៅថ្ងៃទី២៤ កញ្ញានេះ គឺ១.៧៧៥,១៣ដុល្លារអាមេរិកក្នុង១អោន។ បើគិតជាគីឡូក្រាមស្មើនឹង៥៥.២១៣,៦៤ដុល្លារអាមេរិក ។ ចំណែកតម្លៃមាសនៅទីផ្សារក្នុងស្រុកអាចមានភាពខុសនេះបន្តិចបន្តួច។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ដូច្នេះក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រោងចក្រនេះ បានសម្ពោធដាក់ឱ្យដំណើរការ​ ជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ ២០២១ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ។

កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា “ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។

ក្រៅពីអណ្ដូងរ៉ែនៅតំបន់អូរខ្វាវ ក្រុមហ៊ុនរបស់អូស្រ្តាលីមួយនេះ ក៏កំពុងសិក្សារុករកអណ្ដូងរ៉ែមួយទៀត នៅតំបន់សំពៅលូន ស្រុកមេមត់ខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here