ហិរញ្ញប្បទានឥតសំណង៣៦លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ឋរាជធានីភ្នំពេញបានបញ្ចប់

ដោយៈ សុធា

ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) បានផ្តល់កិច្ចសហប្រតិបត្តិការ លើការលើកកំពស់ហេដ្ឋារចនាសម្ព័ន្ឋនានា នៅរាជធានីភ្នំពេញ ដោយកាត់បន្ថយផលប៉ះពាល់ដោយការជន់លិច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

JICA បានគាំទ្រក្នុងការបង្កើតផែនការមេ និងធ្វើបច្ចុប្បន្នភាពផែនការមេនេះ ដើម្បីកំណត់យកគម្រោងអាទិភាព ក្នុងនោះមានហិរញ្ញប្បទានឥតសំណង ចំនួន៤ជំហានដូចជា គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ ទី២ និងទី៣ ដែលគ្របដណ្តប់លើតំបន់អាគ្នេយ៍ ឦសាន្ត និងកណ្តាលនៃទីក្រុង។

គម្រោងជំហានទី៤ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ដើម្បីបញ្ចប់គម្រោងជាផ្លូវការ ដោយមានការចូលរួមពី តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារចៃកា ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់ TOA។

គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ៣៦ លានដុល្លារអាមេរិកនេះ មានវិសា​លភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក។ គម្រោងបានបញ្ចប់ទំហំការងារដូចជា ទី១ តំឡើងប្រព័ន្ធលូសរុបប្រវែង១២.២គីឡូម៉ែត្រ។

ទី២. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនសាធារណៈខាងមុខ CDC ទី ៣. តំឡើងម៉ាស៊ីនមេកានិច(ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ)ចំនួន៦នៅច្រកទ្វាស្ថានីយ៍បូមទឹក។ ទី៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន២ និងទី៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែរទាំ។

ក្រោយពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការបញ្ចេញទឹកភ្លៀង តាមប្រព័ន្ធលូបានលឿនជាងមុន នៅក្នុងរដូវវស្សា (ពីរយៈពេល១២-២៤ម៉ោង ទៅតិចជាង ២ម៉ោង)។ ដើម្បីធានាបាននូវប្រសិទ្ធភាពមុខងារប្រព័ន្ធលូ ដែលបានតំឡើងដោយគម្រោងនេះ យើងរំពឹងទុកថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនឹងចូលរួមចំណែកកាត់បន្ថយ ការខូចខាតដោយសារការជន់លិច ដោយជៀសវាងការបោះចោលសំរាមតាមដងផ្លូវ ដែលជាប្រភពចម្បងនាំអោយកកស្ទះប្រព័ន្ធលូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here