រដ្ឋមន្រ្តីពាណិជ្ជកម្មៈការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងពាណិជ្ជកម្ម លោកប៉ាន​សូរស័ក្តបានមានប្រសាសន៍ថា ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៣ កញ្ញាកន្លងមកនេះ។ លោកបន្តថា ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបាន ការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួន ចំពោះអ្នកប្រើប្រាស់ និងជៀសវាងសកម្មភាពណាមួយ ដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។

លោកបន្តថា “អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ”។លោកបន្តថា “អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់”។

ជាមួយគ្នានេះ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រដោយបញ្ជាក់ថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលដែលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុន ដែលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន បានកាន់តែទូលំទូលាយ។

លោកបន្តថា ហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ២០១៩ អាស៊ានបានបង្កើតមគ្គុ ទ្ទេសក៏សាមញ្ញមួយ ហៅថាក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញ សម្រាប់អាស៊ាន ដែលក្នុងនោះ បានបញ្ចូលនូវការប្តេជ្ញាចិត្តចំនួន១៥ សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ចការពារដល់អ្នកប្រើប្រាស់។

លោកបានប្រកាសថា “ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថានឹងត្រូវយកទៅផ្សព្វ​ផ្សាយ នៅទូទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺរាតត្បាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here