ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់មានសារៈសំខាន់ណាស់ ខណៈ បច្ចុប្បន្ននេះ មានអ្នកលក់តាមអនឡាញមួយចំនួន មិនមានភាពស្មោះត្រង់ជាមួយអតិថិជន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី២០ កញ្ញាកន្លងមកថា បច្ចុប្បន្ននេះការលក់ និងទិញទំនិញតាមប្រព័ន្ឋអនឡាញ មានភាពមិនត្រឹមត្រូវច្រើន ដោយពេលគាត់លក់ដាក់រូបភាពផ្សេង ប៉ុន្តែនៅពេលបញ្ជូនទំនិញឲ្យអតិថិជន អ្នកលក់អនឡាញមួយចំនួន បានយកផលិតផលផ្សេងមកឲ្យអ្នកប្រើប្រាស់ ដែលធ្វើឲ្យប៉ះពាល់ទំនុកចិត្តអ្នកប្រើប្រាស់យ៉ាងខ្លាំង។
លោកបន្តថា “ការមានច្បាប់នេះ ជារឿងល្អបំផុត ដែលវានឹងជម្រុញឲ្យអ្នកលក់តាមអនឡាញមានភាពស្មោះត្រង់ និងមិនមានអ្នកប្រើប្រាស់រងគ្រោះ ព្រោះបើអត់មានច្បាប់ការពារអ្នកប្រើប្រាស់ទេ វានឹងធ្វើឲ្យបាត់ទំនុកចិត្តពីអ្នកប្រើប្រាស់”។ លោកបន្តថា “អ្វីកាន់តែពិសេសបើគ្មានច្បាប់នេះ នឹងធ្វើឲ្យការធ្វើពាណិជ្ជកម្មតាមអនឡាញ ឬ E Commerceរបស់ខ្មែរនឹងធ្លាក់ចុះការជួញដូរ ហើយនឹងធ្វើឲ្យប្រព័ន្ឋ E-Commerce របស់កម្ពុជានឹងចាញ់បណ្តាប្រទេសនៅក្នុងតំបន់”។
E-Commerce ជាផ្នែកមួយនៃបដិវឌ្ឈន៍ឧស្សាហកម្ម4.0 ដែលបាននិងកំពុងក្លាយជាម៉ូដែលថ្មីនៃការធ្វើពាណិជ្ជកម្មលើពិភពលោក និងមានឥទ្ឋិពលយ៉ាងខ្លាំង ដល់ការធ្វើគោលនយោបាយរបស់រដ្ឋាភិបាល នៃបណ្តាប្រទេសនានានៅជុំវិញពិភពលោក៕