ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Andersen Global បានឈានជើងចូលទីផ្សារជាច្រើននៅអាស៊ី រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារ VDB Loi Limited។ នេះបើយោងតាមសារព័ត៌មាន Business Wire ចុះផ្សាយកាលពីថ្ងៃទី១៤ កញ្ញា។
ដោយមានក្រុមហ៊ុនជាដៃគូសហការចំនួន១០ និងអ្នកជំនាញជាង២០០នាក់ ក្រុមហ៊ុន VDB Loi Limited ផ្ដល់សេវាក្នុងវិស័យជាច្រើន រួមមាន ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញវត្ថុ វិវាទ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ទូរគមនាគមន៍ ការវិនិយោគបរទេស និងពន្ធដារ។
ក្រុមហ៊ុនដែលផ្តល់សេវាកម្មជាកញ្ចប់ ដែលបង្កើតឡើងរួមគ្នាក្នុងឆ្នាំ២០១២ ដោយលោក Edwin Vanderbruggen និងលោក Jean Loi នេះមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើន រួមមាន ស្ថាប័ន Chambers and Partners ស្ថាប័ន The Legal 500 និងស្ថាប័ន IFLR 1000 ហើយបានឈ្នះពានរង្វាន់ ជាក្រុមហ៊ុនច្បាប់ឆ្នើមប្រចាំឆ្នាំ២០២០ Tax Firm of the Year in 2020 ពីស្ថាប័ន International Tax Review (ITR)។
លោក Jean Loi មានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាឱ្យក្លាយជាអង្គភាពស្តង់ដារមួយ នៅក្នុងតំបន់ដែលកំណត់ស្តង់ដារគុណភាព ក្នុងឧស្សាហកម្មនានា។ ការសហការជាមួយ Andersen Global ផ្ដល់លទ្ធភាពឱ្យយើង អាចធ្វើការជាមួយក្រុមអ្នកជំនាញផ្នែកច្បាប់ និងពន្ធដារមកពីជុំវិញពិភពលោក និងពង្រីកសមត្ថភាពរបស់យើង ដើម្បីបម្រើអតិថិជនយ៉ាងរលូន នៅពេលពួកគេពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក”។
ជាមួយគ្នានេះ លោក Mark Vorsatz ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Andersen Global បានបន្ថែមថា “តាមរយៈការធ្វើការជាមួយគ្នាលើកមុនៗ យើងបានឃើញការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន VDB Loi Limited ដើម្បផ្ដល់សេវាកម្មល្អដាច់គេ។ ក្រុមហ៊ុននេះបានបង្កើត Platform ដែលមានភាពប្រកួតប្រជែងមួយ នៅក្នុងទីផ្សាររបស់ខ្លួន ដែលផ្តល់ឱកាសឱ្យយើងទទួលបានកំណើនបន្ថែមទៀត ខណៈយើងមានបំណងឈរជើងឱ្យរឹងមាំនៅក្នុងតំពន់”។
Andersen Global គឺជាសមាគមអន្តរជាតិ នៃក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដែលប្រមូលផ្ដុំ ទៅដោយក្រុមអ្នកជំនាញខាងច្បាប់ និងពន្ធដារមកពីជុំវិញពិភពលោក។ បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Andersen Tax LLC ក្នុងឆ្នាំ២០១៣ Andersen Global ពេលនេះមានអ្នកជំនាញជាង៨.០០០នាក់ មកពីជុំវិញពិភពលោក និងមានវត្តមាន២៩៨ទីតាំង តាមរយៈក្រុមហ៊ុនជាសមាជិក និងក្រុមហ៊ុនសហការរបស់ខ្លួន៕