ដោយៈតារារះ
ភ្នំពេញៈ រូបិយាណត្តិ (Draft) ជាការបង្គាប់បញ្ជា ដោយស្របច្បាប់របស់ភាគីទីមួយ ដែលឲ្យឈ្មោះថា បហារ័ក (Drawer) ទៅដល់ភាគីមួយទៀតឬភាគីទីពីរ ដែលហៅថាបហារិត (Drawee) ដើម្បីទូទាត់សងទៅភាគីទីបី ដែលហៅថាអ្នកទទួល (Payee)។
ឧទាហណ៍ មូលប្បទានប័ត្ររបស់ធនាគារ ដែលតាមធម្មតាជាការបង្គាប់បញ្ជាដោយផ្ទាល់ដល់ធនាគារដើម្បីបើកប្រាក់ឲ្យភាគីទីបី។
ភាគីទី៣ មិនចាំបាច់ទាល់តែជាមនុស្សផ្សេងគ្នានោះទេ។ ឧទាហរណ៍ បុរសម្នាក់អាចសរសេរមូលប្បទានប័ត្រដោយខ្លួនគាត់ ដែលជាវិធីដ៏សាមញ្ញមួយ ក្នុងការផ្ទេរប្រាក់ពីគណនីធនាគារមួយទៅគណនីធនាគារមួយទៀត។ ក្នុងករណីបែបនេះបហារ័ក និងអ្នកទទួលគឺជាមនុស្សមួយ។ នៅពេលរូបិយាណត្តិធានាដល់ការចំណាយ សម្រាប់ទំនិញនៅក្នុងពាណិជ្ជកម្មអន្តរជាតិ វាត្រូវបានហៅថា ប័ណ្ណប្រាក់” (Bill of exchange)។
រូបិយាណត្តិអាចតម្រូវឲ្យភាគីទី២ បង់ប្រាក់ភ្លាមៗទៅឲ្យភាគីទី៣ តាមរយៈអនុទស្សន៍របស់រូបិយាណត្តិ (Presentation of draft)។ ក្នុងករណីបែបនេះ វាត្រូវបានហៅថា Sight draft។
ដូច្នេះមូលប្បទានប័ត្រ គឺជា Sight draft។ នៅក្នុងវិស័យពាណិជ្ជកម្ម រូបិយាណត្តិជារឿយៗ ត្រូវបានប្រើសម្រាប់ការពន្យាសំណង (Deferred payment)។ អ្នកនាំចូលអាចសរសេររូបិយាណត្តិ ដោយសន្យាសងទៅដល់អ្នកនាំចេញ ចំពោះការប្រគល់ទំនិញក្នុងរង្វង់៦០ថ្ងៃ បន្ទាប់ពីទំនិញត្រូវបានទទួល។ រូបិយាណត្តិប្រភេទនេះ ត្រូវបានហៅថា Titre draft៕(ដកស្រង់ចេញពីសៀវភៅ រូបិយវត្ថុ និង ធនាគារ)៕