គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ជាង៥០០០លានដុល្លារជូនអតិថិជនទ្រង់ទ្រាយធំ

        ដោយៈលក្ខិណា

ភ្នំពេញៈ វិបត្តិកូវីដ១៩បានបង្កឱ្យមានផលប៉ះពាល់ ដល់អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានជួយសម្រួលដល់អតិថិជនរបស់ខ្លួនដោយបានរៀបចំឥណទានឡើងវិញជាបន្តបន្ទាប់។

គិតត្រឹមដំណាច់ខែកក្កដា ២០២១ ធនាគារនិងមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជន រហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក ដែលជាទំហំមួយធំមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ការរៀបចំឥណទានឡើងវិញនេះបានជួយសម្រាលបន្ទុក ការសងត្រលប់មកវិញរបស់អតិថិជន ដែលកាលពីដើមឡើយសងប្រាក់ក្នុងទំហំច្រើន តែយើងក៏បានយល់ព្រមធ្វើតារាងសងប្រាក់ ជូនអតិថិជនវិញទៅតាមការស្នើសុំរបស់អតិថិជន ។

លោកបន្តថា “ក្នុងបរិយាកាសដ៏លំបាកនេះ គ្រឹះស្ថានធនាគារមិនត្រឹមតែរៀបចំឥណទានឡើងវិញជូនអតិថិជនប៉ុណ្ណោះទេ តែថែមទាំងបន្តផ្ដល់ឥណទានជូនអតិថិជនបន្តទៀត ដើម្បីទទួលទុនសម្រាប់បន្តអាជីវកម្មរបស់គាត់បន្តទៀត”។

ជាមួយគ្នានេះ លោកគា បូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ នេះជាលើកទី១ហើយដែលធនាគារ បានផ្ដល់ឥណទានឡើវិញ ជូនអតិថិជនទ្រង់ទ្រាយធំក្នុងរយៈពេល២០ឆ្នាំកន្លង ដែលលោកបម្រើការក្នុងវិស័យនេះ ។

លោកបន្តថា “នៅក្នុងបរិបទកូវីដ១៩នេះ យើងឃើញថាវិស័យទាំងអស់បានរងផលប៉ះពាល់ហើយវិស័យហិរញ្ញវត្ថុ ក៏ត្រូវទទួលរងផលប៉ះពាល់នេះដែរ ដោយបុគ្គលិករបស់យើង ក៏ពិបាកក្នុងការបំពេញការងារ ដោយសារតែការបិទខ្ទប់ បិទការិយាល័យដោយសារតែ ពាក់ព័ន្ធនឹងកូវីដ និងតម្រូវឱ្យបុគ្គលិកត្រូវធ្វើការពីផ្ទះ ។អ្វីដែលពិសេសនោះ គឺបុគ្គលិកបម្រើសេវាកម្មពិបាក ក្នុងការជួបប្រាស្រ័យទាក់ទងជាមួយអតិថិជន”។

ចំណែកលោកស្រីឌិត នីតា អគ្គនាយិកានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Camma បានឱ្យ​ដឹងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក្ដី ក៏គ្រឹះស្ថាននៅតែបញ្ចេញកញ្ចប់ថវិកា សម្រាប់ផ្ដល់ឥណទានដល់អតិថិជន ជាពិសេសសហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដើម្បីបន្តដំណើរការអាជីវកម្មបន្តទៅមុខទៀត។ បើសិនជាគ្រឹះ​ស្ថានឈប់បញ្ចេញឥណទានផ្ដល់ជូនពួកគាត់ អាជីវកម្មពួកគាត់នឹងត្រូវគាំងដំណើរការព្រោះតែគ្មាលំហូរសាច់ប្រាក់ ហើយក៏អាចធ្វើឱ្យសហគ្រាសដួលរលំ និងប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធ្ងន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here