រដ្ឋមន្រ្តីបរិស្ថានពិភាក្សាជាមួយអូស្រ្តាលីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេសការផលិតថាមពល និងការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហររបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានលើកថា “សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជា មានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម”។លោកបញ្ជាក់ថា “បេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច”។

លោកសាយ សំអាល់បានបន្តថា ប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។

ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26 លោកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា យើងកំពុងរៀបចំជំហរកម្ពុជា ដើម្បីសុំគោលការណ៍សម្រេ​ចពីសម្តេចតេជោនាយករដ្ឋមន្ត្រីជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។

លោក:Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ ។

បន្ថែមលើសពីនេះ លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទលើកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here