ដោយៈសុជាតា
ភ្នំពេញៈ លោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានលើកឡើងបន្ថែមថាក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារចំនួន៩ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស ។
លោកបានមានប្រសាសន៍ឲ្យដឹង នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅបរទេស កាលពីថ្ងៃទី១៥កញ្ញាកន្លងមកថា ក្នុងចំណោមក្រុមការងារទាំងនោះ ក៏មានសមាសភាព តំណាងពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។
លោក ស៊ាង ថៃ ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom បានស្នើឲ្យមន្រ្តីពាក់ព័ន្ឋ លើកឡើងនូវសំណូមពរ ក៏ដូចជាបញ្ហានានាៗ ដែលបាននិងកំពុងកើតមានឡើង ដើម្បីរកដំណោះស្រាយសមស្រប។
បន្ទាប់ពីបានស្តាប់ការលើកឡើងនូវសំណូមពរ និងបញ្ហានានារបស់តំណាងពាណិជ្ជកម្មកម្ពុជានៅបរទេសរួចមក ប្រធានអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍ណែនាំ និងរកដំណោះស្រាយផងដែរ។ ចំពោះបញ្ហាកកស្ទះការនាំចេញកសិផលខ្មែរ ក្រសួងពាណិជ្ជកម្ម ខិតខំរៀបចំបង្កើតផ្សារអនឡាញ ដើម្បីឱ្យអាជីវករ និងផលិតករ អាចដាក់លក់ទំនិញរបស់ខ្លួន ដែលស្ថិតក្រោមការគ្រប់គ្រង និងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម៕