ឆ្នាំ២០២១នេះនឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយចូលជាធរមានឡើយ

ដោយៈលក្ខិណា

ភ្នំពេញៈ រហូតមកដល់ចុងត្រីមាសទី៣ នៃឆ្នាំ២០២១នេះទៅហើយ មិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយរបស់កម្ពុជា ជាមួយប្រទេសជាដៃគូបានចូលជាធរមាននៅឡើយ ខណៈកាលពីដើមឆ្នាំ មន្ត្រីជាន់កម្ពុជាបានបញ្ជាក់នឹងអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣ នឹងចូលជាធរមាន ក្នុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បញ្ហាកូវីដ១៩គឺជាកត្តាមួយ ដែលរារាំងដល់ដំណើរការនិងការចូលជាធរ​មានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងនិងប្រទេសជាដៃគូ ដែលបានចុះហត្ថលេខារួចហើយនោះ។

លោកបន្តថា “តាមពិតទៅសេចក្តីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយនឹងចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)បានធ្លាក់ដល់ដៃសភាទាំងពីររួចហើយ និងកំពុងពិនិត្យនិងផ្ដល់យោបល់”។

លោកបន្តថា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដែលរំពឹងថានឹងចូលជាធរមានមុនគេនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ បើសិនជាភាគីចិនបានរួចរាល់ដំណាលគ្នានឹងកម្ពុជាដែរនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខនេះហើយ។

លោកប៉ែន សុវិជាតិបានបន្តថា “ក្នុងឆ្នាំ២០២១នេះ ប្រហែលជាមិនអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មសេរីណាមួយ នឹងចូលជាធរមាននោះទេ”។

លោកបន្ថែមថា ភាពយឺតយ៉ាវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់កម្ពុជា គឺដោយសារតែស្ថានភាពរីករាលដាលនៃកូវីដ១៩ មិនអាចឱ្យយើងដាក់ឯកសារសម្រាប់ពិនិត្យនិងវាយតម្លៃបាន ប៉ុន្តែយ៉ាងណាក៏យើងរំពឹងថានៅឆ្នាំក្រោយនេះ នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ចូលជាធរមាន។

ជាមួយគ្នានេះ លោកគី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានលើកឡើងផងដែរថា ការពន្យារពេលចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេ​សផ្សេងៗ ក៏ផ្ដល់ប្រយោជន៍ដល់កម្ពុជាផងដែរ ។

នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ពេលនោះរាល់ទំនិ​ញនាំចូលមកប្រទេសកម្ពុជានឹងលែងបង់ពន្ធ ធ្វើឱ្យកម្ពុជាត្រូវបាត់បង់ចំណូលពន្ធមួយចំនួន ខណៈកម្ពុជាពេលនេះ កំពុងត្រូវការថវិកាសម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់កូវីដ១៩ផងដែរ។ ក្នុងនោះដែរនៅពេលកម្ពុជា ចូលចេញទៅកាន់ប្រទេសចិន ក៏មិនតម្រូវឱ្យបង់ពន្ធនាំចូលដែរ ។

លោកបន្តថា “ការពន្យាពេលនេះក៏អាចទុកពេលឱ្យកម្ពុជា ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការចូលជាធរមាន និងត្រូវត្រៀមនូវមុខទំនិញណាអាទិភាព សម្រាប់នាំចេញទៅកាន់ប្រទេសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here