ដើម្បីសុវត្ថិភាពអាជីវកម្មពេលកូវីដសហគ្រិនត្រូវយល់ដឹងពីកំហុសទាំង៦យ៉ាងនេះជាមុន

ដោយៈលក្ខិណា

ភ្នំពេញៈ ស្ថិតក្នុងស្ថានភាពលំបាក ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩នេះ អាជីវកម្មខ្លះកំពុងតែដើរមកដល់ផ្លូវទាល់។ លទ្ធផលនេះ មិនអាចបន្ទោសតែលើបញ្ហាកូវីដប៉ុណ្ណោះទេ តែម្ចាស់អាជីវកម្មគួរសង្កេតមើលចំណុចរសើប ដែលអាចនាំគ្រោះដល់អាជីវកម្ម ដូច្នេះដើម្បីសុវត្ថិភាព ត្រូវមើលលើចំណុចទាំង៦នេះជាមុនសិន។

១. មិនបានគិតពីសុវត្ថិភាព
ក្នុងកាល:ទេស:ខ្លះ ម្ចាស់អាជីវកម្មមិនបានផ្ដោតលើសុវត្ថិភាព អ្នកនៅក្រោមបង្គាប់ ឱ្យបានដិតដល់ ធ្វើយ៉ាងណាឱ្យតែបានពួកគេជួយ ក្នុងការដំណើរការបន្តទៀតសិន ហើយមិនបានចាត់ចែងបុគ្គលិកទាំងនោះ ឱ្យរក្សានូវការអនុវត្តវិធានការ ៣ការពារ ៣កុំជាដើម ដែលនេះអាចនាំឱ្យមានហានិភ័យមួយចំនួនបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.មិនហ៊ានចរចារជាមួយម្ចាស់ដីឬផ្ទះ
សម្រាប់អាជីវករខ្លះ ពួកគាត់បានជួលដី ឬទីតាំងណាមួយមកធ្វើអាជីវកម្ម ប៉ុន្តែដោយសារចំណូលរបស់គាត់មានការធ្លាក់ចុះ ពួកគាត់ទុករឿងបង់ថ្លៃឈ្នួលចោល ដោយមិនព្រមសាកចរចារជាមួយម្ចាស់ទ្រព្យទាំងនោះ អំពីការសុំពន្យារពេលបង់ថ្លៃ ឬបញ្ចុះតម្លៃជាដើម។

៣.មិនមានភាពបត់បែន
ករណីនេះ អាជីវករខ្លះមានភាពតក់ស្លុត នឹងការធ្លាក់ចុះនៃអាជីវកម្ម ដោយសារជំងឺដ៏កាចសាហាវមួយនេះ ពួកគាត់មិនទាន់អាចទទួលយកការពិតនេះបាន ព្រោះវាកើតឡើងភ្លាមៗ ដែលធ្វើឱ្យពួកគាត់មិនបានត្រៀមខ្លួនមុន ធ្វើអ្វីក៏មិនទាន់ មិនដឹងថាដោះស្រាយបែបណា បើវាមកភ្លាមៗបែបហ្នឹង។ ចំណុចនេះ ក៏មិនអាចបន្ទោសពួកគាត់បានដែរ ប៉ុន្តែវាអាចជាកំហុសមួយ ដែលពួកគាត់បណ្ដោយឱ្យការភ័យខ្លាច រហូតមិនអាចធ្វើអ្វីបាន ទាំងដែលការពិតទៅ វាតែងតែមានដំណោះស្រាយនូវរាល់បញ្ហា ដែលបានកើតឡើង ឱ្យតែពួកគាត់ចេះគ្រប់គ្រងផ្លូវចិត្ត និងអារម្មណ៍ឲ្យបានត្រឹមត្រូវ ហើយចាប់ផ្ដើមគិតផ្លូវចេញមួយដែលសក្តិសម។

៤.បោះបង់ការផ្ដោតលើសេវាកម្មអតិថិជន
ដោយគិតថាពួកគាត់មិនចាំបាច់ ផ្ដោតសំខាន់លើការផ្ដល់សេវាកម្មផ្ទាល់ ដែលល្អដល់អតិថិជនទៀតទេ ជ្រុលជាលែងមានអតិថិជនដើរចូលហាងទៅហើយ រឿងបម្រើសេវាកម្មនេះក៏លែងជាអាទិភាពទៀតដែរ។ ហេតុនេះហើយទើប ពួកគាត់មិនចាប់អារម្មណ៍សិក្សាឱ្យកាន់តែស៊ីជម្រៅ អំពីប្រភេទអតិថិជន ដែលត្រូវនឹងផលិតផលរបស់ពួកគាត់ ហើយក៏មិនស្រាវជ្រាវយុទ្ធសាស្រ្តទីផ្សារ សម្រាប់កាលទេសៈបច្ចុប្បន្ននេះដែរ។

៥. បោះបង់ការធ្វើទីផ្សារទាំងស្រុង
អំឡុងពេលជួបវិបត្តិ ការខិតខំពង្រីក ឬចំណាយក្នុងការធ្វើទីផ្សារលែងជារឿងចាំបាច់ និងត្រូវបានមើលរំលង ព្រោះអាជីវករខ្លះយល់ថា គ្មានអតិថិជនចាប់អារម្មណ៍ផលិតផល ឬសេវាកម្មទាំងនោះទៀតទេ។

៦. គិតថាវាជាការសម្រាក
ដោយសារការធ្វើអាជីវកម្មមានការថយចុះ ស្របពេលវិបត្តិកូវីដ១៩ អាជីវករមួយចំនួនបានអស់សង្ឃឹម មិនចង់បន្តដំណើរអ្វីទៀត ហើយពួកគាត់ប្រហែលជាចាត់ទុកវេលានេះ ជាការសម្រាកពីការប្រកបរបរ ព្រោះគិតថាបើបន្តក៏គ្មានបានចំណេញអ្វីដែរ មានតែខាត។ នេះជាចំណុចដែលអាជីវករទាំងឡាយគួរជៀសវាង ហើយព្យាយាមស្វែងរកវិធីដោះស្រាយ ជាជាងបោះបង់ ឧទាហរណ៍ការផ្លាស់ប្ដូរយុទ្ធសាស្ត្រទីផ្សារថ្មី ឬកំណែទម្រង់អាជីវកម្មថ្មី ដែលអាចឆ្លើយតបទៅនឹងស្ថានភាពសង្គមបច្ចុប្បន្ន។

ចំណុចទាំងនេះ គឺសុទ្ធតែជាកំហុសដែលអ្នករកស៊ីទាំងឡាយ គួរតែចៀសវាងធ្វើ ប្រសិនបើពួកគាត់ចង់ឱ្យអាជីវកម្ម នៅតែបន្តដំណើរការ ក្នុងពេលវេលាមិនសមប្រកបបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here