ចំណូលពន្ធនៅកម្ពុជា បានកើនដល់ជិត ១៩០០លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ១.៩ពាន់លានដុល្លារក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ កើនឡើងជិត១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

ការប្រកាសចំណូលពន្ធនេះ ត្រូវបានធ្វើឡើងដោយ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃព្រសហ្បតិ៍ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានបង្ហាញថាក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៦.២៤ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលានរៀល (ប្រមាណជា ១៦.២២លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។

លោក បានថ្លែងថា សរុបរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥.៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧.៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥.៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៦៧០.១១ ប៊ីលានរៀល (ប្រមាណជា ១៦៥.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ៩.៦០%។

ក្នុងរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ០២ នៅរក្សាកំណើនក្នុងនោះ អាករលើតម្លៃបន្ថែមកើនឡើង ៣.១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង ២២.៧១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។

សម្រាប់ឆ្នាំ២០២០ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥.៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here