កម្ពុជាស្នើធនាគារAIIBនូវចំណុចអាទិភាព៥សម្រាប់អភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍន៍

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងជំនួបរវាងលោកបណ្ឌិត Ludger Schuknecht  អនុប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ( AIIB ) តាមរយៈប្រពន្ធ័វីដេអូ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើនូវសំណើរអាទិភាពចំនួន៥ ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយថ្ងៃទី១០កញ្ញា២០២១នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសំណើររបស់លោកឧបនាយករដ្ឋមន្រ្តី មានដូចជា ទី១ ស្នើសុំចាត់វិធានការដើម្បីជួយដល់ប្រទេស កំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តន៍យន្តការភាពជាដៃគូ វិនិយោគសាធារណៈរវាងរដ្ឋនិងឯកជន ដើម្បីកៀងគរធនធានឯកជន សម្រាប់រួមចំណែកអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ទី២ ផ្ដល់អាទិភាពខ្ពស់ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឆ្លងព្រំដែន ក្នុងតំបន់ដើម្បីកាត់បន្ថយគម្លាត នៃការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់ ។

ទី៣ បង្កើនការផ្ដល់ Non-Sovereign-backed Loan ដើម្បីជំរុញការវិនិយោគវិស័យឯកជន ទី៤ ផ្ដល់អាទិភាពខ្ពស់ដល់គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទខ្នាតធំ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងទី៥ ផ្ដល់ការយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជាជាដើម ដោយត្រូវចាត់វិធានការចាំបាច់នានាក្នុងការផ្ដល់ជាឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងជំនួយបច្ចេកទេសឱ្យបានឆាប់ ។

លោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា “ទោះបីជាកម្ពុជាបានប្រែក្លាយទៅជាប្រទេស ដែលមានចំណូលទាបកម្រិតមធ្យមក៏ដោយ ប៉ុន្តែដោយសារផលវិបាកនៃជំងឺកូវីដ១៩ ដែលកំពុងជះឥទ្ធិពលជាអវិជ្ជមាន មកល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច កម្ពុជានៅតែមានតម្រូវការឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងស្នើសុំឱ្យធនាគារ AIIB បន្តផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ការផ្ដល់លក្ខខណ្ឌឥណទាន ដែលមានកម្រិតសម្បទានខ្ពស់”។

លោកបានជម្រាបទៅកាន់អនុប្រធានធនាគារ AIIBថាថ្នាក់ដឹកនាំធនាគារមួយនេះតែងយកចិត្តទុកដាក់ លើរាល់សំណើររបស់កម្ពុជា ដែលជាសមាជិកស្ថាបនិកដ៏សកម្មមួយរបស់ធនាគារនេះ និងបានចាត់វិធានការចាំបាច់នានា ឆ្លើយតបតាមសំណើរ។ ជាក់ស្ដែងថ្មីៗនេះធនាគារមួយនេះ បាននិងកំពុងរៀបចំបង្កើតយន្តការ ហិរញ្ញប្បទានសម្បទាន ដែលនឹងក្លាយជាមធ្យោបាយថ្មីមួយទៀត សម្រាប់បើកផ្លូវឱ្យធនាគារAIIB មានលទ្ធភាព ផ្ដល់ឥណទានសម្បទានកម្រិតខ្ពស់ ដល់ប្រទេសសមាជិកដែលជាក្រុមប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងម្ពុជាផងដែរ ។

លោកLudger Schuknecht អនុប្រធានធនាគារ AIIB សន្យាថា នឹងយកសំណើររបស់កម្ពុជា ទៅចាត់ចែងដោះស្រាយជាបន្តទៀតឱ្យបានឆាប់ៗផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here